681 ezgif.com resize
Swift cc time

អ៊ីរ៉ង់បដិសេធសំណើឈប់បាញ់បណ្តោះអាសន្ន ខណៈត្រាំព្រមានកម្ទេចអ៊ីរ៉ង់ទៅជាយុគថ្មបើគ្មានកិច្ចព្រមព្រៀងត្រឹមយប់ថ្ងៃអង្គារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អ៊ីរ៉ង់៖ អ៊ីរ៉ង់បានប្រកាសបដិសេធសំណើបទឈប់បាញ់បណ្តោះអាសន្ន និងទាមទារឲ្យបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍របស់អាម៉េរិក និងអ៊ីស្រាអែលលើអីរ៉ង់ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ IRNA បានរាយការណ៍កាលពីថ្ងៃចន្ទថា ទីក្រុងតេអេរ៉ង់បានផ្ញើសំណើ ១០ ចំណុចទៅកាន់សហរដ្ឋអាម៉េរិកតាមរយៈប៉ាគីស្ថាន ដែលសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍។ IRNA បានរាយការណ៍ថា អ៊ីរ៉ង់នឹងបដិសេធបទឈប់បាញ់បណ្ដោះអាសន្ន ដោយសារក្នុងអំឡុងពេលនៃការចរចាជុំមុនៗជាមួយសហរដ្ឋអាម៉េរិក រដ្ឋបាលលោក ត្រាំ បានចាប់ផ្តើមការវាយប្រហារយោធា ខណៈពេលដែលការចរចាកំពុងដំណើរការ។

យោងតាម IRNA ការទាមទាររបស់អ៊ីរ៉ង់រួមមាន "ការបញ្ចប់អរិភាពនៅក្នុងតំបន់ ធានាការឆ្លងកាត់ដោយសុវត្ថិភាពតាមរយៈច្រកសមុទ្រ Hormuz ក៏ដូចជាការសងសំណងរាល់ការខូចខាត និងការលើកលែងទណ្ឌកម្មនាៗលើប្រទេសអ៊ីរ៉ង់។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានបញ្ជាក់ថា ទីក្រុងតេអេរ៉ង់កំពុងស្វែងរកការបញ្ចប់សង្គ្រាម និងដើម្បីការពារការកើតឡើងវិញម្តងទៀតនៃការវាយប្រហាររបស់អ៊ីស្រាអែល និងអាម៉េរិកលើអ៊ីរ៉ង់ជាលើកទី២ ។ លោកបានចាត់ទុកសំណើបញ្ចប់សង្រ្គាមទាំង ១៥ ចំណុចរបស់អាម៉េរិកដាក់មលើអ៊ីរ៉ង់ជារឿងហួសហេតុ និងមិនសមហេតុផល។

គួររម្លឹកថាលោក ដូណាល់ត្រាំ បានគំរាមកម្ទេចអ៊ីរ៉ង់ក្នុងរយៈពេលមួយយប់ឱ្យក្លាយជា«យុគថ្ម»វិញប្រសិនបើអ៊ីរ៉ង់មិនអាចធ្វើកិច្ចព្រមព្រៀងមុនថ្ងៃផុតកំណត់ដែលលោកបានកំណត់សម្រាប់ទីក្រុងតេអេរ៉ង់ដើម្បីបើកច្រកសមុទ្រ ហ័រមូស ឡើងវិញ។ លោកព្រមានថាបើគ្មានការចរចា រឺ កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាម៉េរិកនោះទេត្រឹមយប់ថ្ងៃអង្គារ លោកនឹងកម្ទេចអ៊ីរ៉ង់ក្នុងរយៈពេលមួយយប់ឱ្យក្លាយជា«យុគថ្ម»វិញ៕

Khcct banner

អត្ថបទទាក់ទង