ភ្នំពេញ៖ ក្រសួងការងារកម្ពុជា បានប្រកាសពីផែនការនៃការអនុវត្ត «កម្មវិធីវាយតម្លៃទទួលស្គាល់ជំនាញ»លើអតីតពលករមកពីប្រទេសថៃ ក្នុងជំហានទី ១ ចំនួន ១ ម៉ឺននាក់។ការពិនិត្យតេស្តវាយតម្លៃនេះ នឹងធ្វើឡើងជារៀងរាល់ចុងសប្តាហ៍ ចាប់ពីថ្ងៃទី ២៤ មេសាតទៅ នៅតាមរាជធានី-ខេត្ដគោលដៅចំនួន ៦ និង មុខជំនាញចំនួន ៨ ក្នុងវិស័យសំណង់។
ជំនាញ៨នោះមានជាអាទិ៍៖ (១) ការងារកំបោរ (រៀបឥដ្ឋនិងបូក), (២) ការងារការ៉ូ, (៣) ការដំឡើងពុម្ព, (៤) ការដំឡើងបណ្តាញបំពង់ទឹក, (៥) ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, (៦) ការងាររន្ទា, (៧) ការដំឡើងសរសៃដែក និង (៨) ការផ្សារអគ្គិសនី។
ការធ្វើតេស្តក្នុងជំហានទី១ នឹងធ្វើឡើងជារៀងរាល់ចុងសប្តាហ៍ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅតាមរាជធានី-ខេត្ដគោលដៅចំនួន ៦ រួមមាន រាជធានីភ្នំពេញ ខេត្ដបាត់ដំបង បន្ទាយមានជ័យ សៀមរាប តាកែវ និង ខេត្តស្វាយរៀង។បើជំហានទី ១នេះទទួលជោគជ័យ ក្រសួងនឹងបន្តកម្មវិធីនេះទៅជំហានទី ២ទៀត ដែលក៏នឹងផ្តោតលើកម្លាំងកម្មករក្នុងស្រុក។
យោងតាមក្រសួងការពារកម្ពុជា ការធ្វើតេស្តនេះ នឹងផ្តល់នូវឱកាសដល់បុគ្គលកំពុងបម្រើការងារ និង អ្នកមានជំនាញដែលមិនទាន់មានការងារឱ្យទទួលបានការទទួលស្គាល់ជំនាញជាផ្លូវការ ឬគុណវុឌ្ឍិរបស់ពួកគេ។សម្រាប់អតីតពលករមកពីប្រទេសថៃ នឹងទទួលបានការស្គាល់សមត្ថភាព ឱកាសការងារ ចំណេញពេលវេលា និង ថវិកា ក្លាយជាពលករក្នុងប្រព័ន្ធ ដែលនឹងទទួលបានអត្ថប្រយោជន៍ពីបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និង បង្កើនជំនឿចិត្តលើខ្លួនឯង ក៏ដូចជាជំរុញការសិក្សាពេញមួយជីវិត។
រីឯ អ្នកវិនិយោគវិញ នឹងបានយល់ដឹងពីកម្រិតជំនាញបុគ្គលិកភ្លាមៗ កាត់បន្ថយចំណាយលើការបណ្តុះបណ្តាល ធានាស្តង់ដា និងគុណភាព និង បង្កើនទំនុកចិត្តវិនិយោគ ជាពិសេសអាចបង្ហាញដៃគូពីកម្លាំងកម្មករដែលមានជំនាញស្តង់ដា។រដ្ឋមន្ត្រីក្រសួងការងារ បានណែនាំឱ្យក្រុមហ៊ុន រោងចក្រ សហគ្រាសទទួលស្គាល់ និងប្រើកម្មវិធីតេស្តថ្មីរបស់ក្រសួង ជាមូលដ្ឋានក្នុងការជ្រើសរើស និង កំណត់ប្រាក់ឈ្នួល បើកឱកាសការងារដល់អតីតពលករពីថៃ និង អនុញ្ញាតឱ្យវិស្វករ និងបុគ្គលិកបច្ចេកទេសចូលរួមបណ្តុះបណ្តាល ដើម្បីក្លាយទៅជាអ្នកវាយតម្លៃ (Assessor) ៕