ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកំពុងរៀបចំវគ្គបណ្តុះបណ្តាលអំពីជំនាញដូនតាដោយឥតគិតថ្លៃសម្រាប់ឆ្នាំ២០២៦។ វគ្គបណ្តុះបណ្តាលនេះ នឹងចាប់ផ្តើមពីខែឧសភា នៅក្នុងទីតាំងចំនួន១៣ នៅក្នុងខេត្តចំនួន០៩រួមមាន ខេត្តសៀមរាប កណ្តាលកំពង់ឆ្នាំង កំពង់ចាម កំពង់ធំ បន្ទាយមានជ័យ មណ្ឌលគិរី រតនគិរី និងព្រះវិហារ។ សាធារណជន និងយុវជនដែលមានចំណាប់អារម្មណ៍អាចទាក់ទង់ទៅកាន់លេខាធិការដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតាតាមរយៈតេឡេក្រាមលេខ ០៩៦ ៣៨៦ ៩២៥៥ និង០៧០ ២៣២ ២១៣ ឱ្យបានរួសរាន់។
យោងតាមគេហទំព័រផ្លូវការរបស់ក្រសួងវប្បធម៌ បានបញ្ជាក់ថាជំនាញដែលក្រសួងនឹងយកមកបណ្តុះបណ្តាលរួមមានតម្បាញសូត្រនិងអំបោះ, តម្បាញក្រមាពណ៌ត្រុំ, ប៉ាក់ឌិន, ចម្លាក់ប្រាក់/ស្ពាន់, ចម្លាក់ស្បែក, តម្បាញក្រណាត់ជនជាតិដើមភាគតិច, ខ្មុកស្មាច់, ខ្មុកម្រក្សណ៍, តម្បាញកន្ទេលផ្អាវ, ស្មូនឆ្នាំង, ចម្លាក់ពុម្ព, កុលាលភាជន៍ និងគំនូរបុរាណ។
គួរបញ្ជាក់ថា ចំពោះសិស្សដែលមកពីគ្រួសារក្រីក្រដែលមានបណ្ណសមធម៌ និងគ្រួសារងាយរងហានិភ័យ រាជរដ្ឋាភិបាលនឹងឧបត្ថម្ភប្រាក់ចំនួន២៨០,០០០(ម្ភៃប្រាំបីម៉ឺន)រៀលក្នុងមួយខែ តែត្រូវបំពេញលក្ខខណ្ឌសិក្សាឲ្យបានត្រឹមត្រូវនៅក្នុងការបណ្តុះបណ្តាលមួយនេះ។ ចំនួនមានកំណត់៕