ថៃ៖ អាជ្ញាធរថៃបានចេញការព្រមានជាបន្ទាន់ដល់ពលរដ្ឋទូទាំងប្រទេស ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពកម្ដៅក្ដៅខ្លាំង (Extreme Heat) ដែលត្រូវបានគេរំពឹងថានឹងហក់ឡើងខ្ពស់ក្នុងខែមេសា ឆ្នាំ២០២៦ នេះ ស្របពេលដែលការត្រៀមលក្ខណៈសម្រាប់ពិធីបុណ្យសង្ក្រាន្តកំពុងខិតជិតមកដល់។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។
យោងតាមការបញ្ជាក់របស់អ្នកជំនាញសុខាភិបាលថៃ នៅពេលសីតុណ្ហភាពឡើងដល់ចន្លោះពី ៤០ ទៅ ៤១ អង្សាសេ រាងកាយមនុស្សប្រឈមនឹងការអស់កម្លាំងកាយកម្រិតធ្ងន់។ ប្រសិនបើសីតុណ្ហភាពហក់ឡើងលើសពី ៤១ អង្សាសេ នោះរាងកាយនឹងបាត់បង់សមត្ថភាពក្នុងការគ្រប់គ្រងសីតុណ្ហភាពក្នុងខ្លួន ដែលបង្កឱ្យមានគ្រោះថ្នាក់ដល់ជីវិត ដូចជាអាការៈដាច់សរសៃឈាមខួរក្បាលដោយសារកម្ដៅ (Heat Stroke) ចង្វាក់បេះដូងលោតញាប់ខ្លាំង និងការបាត់បង់ស្មារតីជាដើម។
អ្នកជំនាញបន្ថែមថា ស្ថានភាពនេះកាន់តែមានសភាពធ្ងន់ធ្ងរនៅក្នុងតំបន់ទីក្រុង ដោយសារបាតុភូតកោះកម្ដៅ (Urban Heat Island) ដែលផ្ទៃបេតុង និងកៅស៊ូថ្នល់ស្រូបយកកម្ដៅបានច្រើនជាងតំបន់ជនបទ។
ក្រៅពីផលប៉ះពាល់លើសុខភាព ជាពិសេសចំពោះមនុស្សចាស់ កុមារ និងអ្នកធ្វើការងារក្រៅផ្ទះ កម្ដៅខ្លាំងនេះក៏បានដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងបរិស្ថាន តាមរយៈការកើនឡើងនៃតម្រូវការប្រើប្រាស់អគ្គិសនីសម្រាប់ការប្រើម៉ាស៊ីនត្រជាក់ ការកាត់បន្ថយផលិតភាពការងារ និងហានិភ័យនៃករណីខូចខាតទិន្នផលកសិកម្ម។
ដើម្បីសុវត្ថិភាព អ្នកជំនាញណែនាំឱ្យពលរដ្ឋថៃ ជៀសវាងចេញក្រៅផ្ទះចន្លោះម៉ោង ៩ ព្រឹក ដល់ ៣ រសៀល និងបរិភោគទឹកឱ្យបានយ៉ាងតិច ២ លីត្រក្នុងមួយថ្ងៃ។ ជាមួយគ្នានេះ គួរជៀសវាងភេសជ្ជៈមានជាតិស្រវឹង ឬស្ករខ្ពស់ ហើយរាល់ការធ្វើដំណើរ ឬការត្រៀមបុណ្យសង្ក្រាន្ត គួរធ្វើឡើងនៅពេលព្រលឹម ឬពេលល្ងាច ដើម្បីកាត់បន្ថយការប៉ះពាល់កម្ដៅថ្ងៃដែលកំពុងមានសន្ទុះខ្លាំងបំផុតក្នុងឆ្នាំនេះ៕