កំពង់ស្ពឺ៖ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ សហការជាមួយកំលាំងនគរបាលស្នងការដ្ឋាននគរបាលខេត្ដព្រៃវែង នៅថ្ងៃទី ៤ មេសាម្សិលមិញ បានឃាត់ខ្លួនបក្ខពួកមុខសញ្ញា(អ្នកទទួលផលចោរកម្ម)ទិញរថយន្ដដែលចោរបានលួចយកមកពីខេត្ដព្រៃវែង រថយន្ដ ម៉ាក Hyundai ទម្ងន់ ២,៥តោន ដែលទទួលទិញពីជនល្មើស ក្នុងតម្លៃ ១៦០០ដុល្លារ ហើយគាត់បានលក់បន្ត២៣០០ដុល្លាររថយន្ដគ្មានឯកសារច្បាប់ដើម នៅចំណុចភូមិអង្គរោង ឃុំមហាឬស្សី ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ កាលពីថៃ្ងទី៤ ខែមេសា ឆ្នាំ២០២៦ ។
យោងតាមរបាយការណ៍ពីស្នងការនគរបាលខេត្ដកំពង់ស្ពឺ ក្នុងប្រតិបត្ដិការនេះ បានឃាត់មុខសញ្ញាទទួលទិញផលចោរកម្ម(យោងតាមការចង្អុលបង្ហាញពីមុខសញ្ញាដែលសមត្ថកិច្ចដឹកមកជាមួយ) ដែលមានឈ្មោះ កែវ ដារ៉ូ ភេទប្រុស មុខរបរ ទិញលក់រថយន្ដដោះបំបែកគ្រឿងលក់(កាប់សាច់) ប៉ុន្ដែប្រតិបត្ដិការខាងលើត្រូវប្រជាពលរដ្ឋចំរុះរួមជាមួយអ្នកធ្វើដំណើរបានមកឈរមើលផ្អើលឈួរឆរ និងបានធ្វើសកម្មភាពឡោមព័ទ្ធរារាំងសមត្ថកិច្ច គោលបំណងរំដោះជនសង្ស័យមុខសញ្ញាចោរកម្ម មិនអោយសមត្ថកិច្ចអនុវត្ដ។
ជាលទ្ធផលសមត្ថកិច្ច បានការឃាត់មុខសញ្ញាបានចំនួន ៣នាក់ ឈ្មោះ កែវ ដារ៉ូ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរទិញលក់រថយន្ដ អ្នកទទួលផលចោរកម្ម ឈ្មោះ ថាត តេងណេង ភេទប្រុស អាយុ ២៦ឆ្នាំ អ្នករារាំង ឈ្មោះ ហួន ង៉ែត ភេទប្រុស អាយុ ៥៦ឆ្នាំ អ្នករារាំង។
ករណីនេះសមត្ថកិច្ចបានបំបែកហ្វូងមនុស្សដែលបានមកឡោមព័ទ្ធក្នុងគោលបំណង ដើម្បីការពាររារាំងសមត្ថកិច្ចមិនអោយអនុវត្ដនីតិវិធីនៃការឃាត់ខ្លួនមុខសញ្ញាទទួលផលចោរកម្មទិញរថយន្ដពីចោរ និងបក្ខពួក។បច្ចុប្បន្នមុខសញ្ញាទាំង៣នាក់ បានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ដព្រៃវែង ដេីម្បីចំណាត់ការតាមនីតិវិធីច្បាប់៕