Img 1426
Swift cc time

សមាគមបណ្តាញយុវជនកម្ពុជា រៀបចំវគ្គបណ្តុះបណ្តាល “អាជីព និងការងារ” សម្រាប់យុវជន២៥រូប

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ សមាគមបណ្តាញយុវជនកម្ពុជា កំពុងជ្រើសរើសយុវជន ២៥រូបឱ្យចូលរួមវគ្គបណ្តុះបណ្តាលជាស៊េរីស្តីពី «ជំនាញការងារមូលដ្ឋាន និងជំនាញទន់ » ជាស៊េរីរយៈពេល៣សប្តាហ៍។ វគ្គបណ្តុះបណ្តាលទាំងមូលនឹងមានការបង្ហាត់បង្ហាញ ពីការសរសេរប្រវត្តិរូបសង្ខេប ការសរសេររបាយការណ៍ សរសេរគម្រោង និងភាពជាអ្នកដឹកនាំផងដែរ។ វគ្គបណ្តុះបណ្តាល នឹងឈប់ទទួលពាក្យនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។

យោងតាមសមាគមបណ្តាញយុវជនកម្ពុជា ឱកាសនេះផ្តល់ជូនសម្រាប់យុវជនដែលកំពុងរកការងារធ្វើដែលពុំទាន់មានគ្រឹះនៅក្នុងការធ្វើប្រវត្តិរូបសង្ខេបផ្ទាល់ខ្លួន និងលិខិតអម។ យុវជន ត្រូវតែចូលរួមគ្រប់វគ្គទាំងបីនៃកម្មវិធី។ មួយវិញទៀត យុវជនដែលចូលរៀនត្រូវមានការប្តេជ្ញាខ្ពស់ក្នុងការសិក្សារៀនសូត្រ ចែករំលែក និងធ្វើការជាក្រុម។ បន្ថែមពីលើនេះ យុវជនដែលកំពុងសិក្សាថ្នាក់កុំព្យូទ័រនៅសមាគមបណ្តាញយុវជនកម្ពុជាត្រូវបានលើកទឹកចិត្តឱ្យចូលរួម។ បេក្ខជនអាចដាក់ពាក្យតាម តំណរភ្ជាប់ ត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។

បើតាមប្រភពដដែល តាមរយៈកម្មវិធីនេះបេក្ខជននឹងទទួលបានការបណ្តុះបណ្តុះបណ្តាលពីជំនាញជាច្រើនចំនួន បីវគ្គ។ នៅក្នុងសប្តាហ៍ទី១ថ្ងៃទី២ ដល់ទី៣ ខែឧសភា ឆ្នាំ២០២៦ (ចំណាប់អារម្មណ៍ដំបូង សរសេរប្រវត្តិរូបសង្ខេប លិខិតអម អ៊ីមែលដាក់ពាក្យការងារ និងត្រៀមខ្លួនសម្រាប់សម្ភាសការងារ)។សប្តាហ៍ទី២៖ ថ្ងៃទី៩ ដល់ទី១០ ខែឧសភា ឆ្នាំ២០២៦ (សរសេរសំណើគម្រោងខ្នាតតូច និងរបាយការណ៍)។ សប្តាហ៍ទី៣៖ ថ្ងៃទី២៣ ដល់ទី២៤ ខែឧសភា ឆ្នាំ២០២៦ (ភាពជាអ្នកដឹកនាំ ជំនាញទំនាក់ទំនង សម្របសម្រួល និងដោះស្រាយបញ្ហា)។ ពិសេសជាងនេះ បេក្ខជនក៏មានឱកាសស្នើកញ្ចប់ថវិកាខ្នាតតូចដើម្បីអនុវត្តគម្រោង បង្កើតទំនាក់ទំនងជាមួយយុវជន និងគ្រូបង្គោល រួមទាំងទទួលបានវិញ្ញាបនបត្របន្ទាប់ពីបញ្ចប់វគ្គ។

គួរបញ្ជាក់ថា សមាគមបណ្តាញយុវជនកម្ពុជាគឺជាអង្គការក្រៅរដ្ឋាភិបាលដែលមានបេសកកម្មលើការពង្រឹងសិទ្ធិអំណាចយុវជន លើកកម្ពស់នីតិរដ្ឋ យុត្តិធម៌សង្គម លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា៕

Khcct banner

អត្ថបទទាក់ទង