Img 1426
Swift cc time

ព្រឹទ្ធសភា ឯកភាពទាំងស្រុងលើ «សេចក្តីព្រាងច្បាប់ប្រឆាំង Online Scams»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី០៣មេសានេះ បានឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ការឯកភាពនេះធ្វើឡើងក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ ដែលមានលោក អ៊ុច បូររិទ្ធ ប្រធានស្ដីទីព្រឹទ្ធសភា ជាអ្នកដឹកនាំសម័យប្រជុំ ក្រោមវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៨រូប។

ដូចការគ្រោងទុក នាព្រឹកថ្ងៃទី០៣មេសានេះ លោក អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានអញ្ជើញដឹកនាំប្រជុំព្រឹទ្ធសភា ជាវិសាមញ្ញ នីតិកាលទី៥ ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន៥៨រូប។

អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈទី១៖ ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានលោកស្រី ចាន់ សុទ្ធាវី ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា អញ្ជើញឡើងរាយការណ៍ជូនអង្គប្រជុំ អំពីលទ្ធផលនៃការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់នេះ និង មានសមាជិកព្រឹទ្ធសភាចំនួន៤រូប ឡើងមានយោបល់ ព្រមទាំងមានការឆ្លើយបំភ្លឺពី លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

ជាលទ្ធផល អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់នេះដោយឥតកែប្រែចំនួន៥៨សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

គួរជម្រាបថា សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានចាត់ទុកបញ្ហាបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ក៏ជាបញ្ហាដែលត្រូវសម្អាតផ្ទះយើង ហើយការងារនេះ គឺជាកិច្ចការងារធ្វើជាប្រចាំ និង ជារៀងរហូត មិនមែនធ្វើតែមួយថ្ងៃឬពីរថ្ងៃនោះទេ។ក្នុងច្បាប់នេះ ក៏បានកំណត់ និង ដាក់ចេញនូវកាតព្វកិច្ចមួយចំនួន ចំពោះអ្នកពាក់ព័ន្ធរួមទាំងម្ចាស់ទីតាំងជួលឱ្យក្រុមឧក្រិដ្ឋជនផងដែរ៕


Khcct banner

អត្ថបទទាក់ទង