ភ្នំពេញ៖ សម្ព័ន្ធភាពតៃវ៉ាន់ក្នុងការអភិវឌ្ឍអន្តរជាតិ (Taiwan AID) បើកទទួលពាក្យសម្រាប់បុគ្គលិកនៅក្នុងអង្គការក្រៅរដ្ឋាភិបាល ឱ្យចូលរួមកម្មវិធីផ្លាស់ប្តូរការសិក្សារយៈពេលប្រហែល ៤សប្តាហ៍ដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមករវាងអង្គការក្រៅរដ្ឋាភិបាល ចូលរួមសិក្ខាសិលា និងការចុះកម្មសិក្សាលើប្រធានបទផ្សេងៗជាដើម។ កម្មវិធីនេះ នឹងធ្វើឡើងនៅទៅតៃវ៉ាន់។
យោងតាមគេហទំព័រផ្លូវការរបស់ Taiwan AID កម្មវិធីផ្លាស់ប្តូរការសិក្សានេះគឺសម្រាប់បេក្ខជនដែលកំពុងបម្រើការងារនៅតាមបណ្តាអង្គការក្រៅរដ្ឋាភិបាល និងមានបទពិសោធន៍យ៉ាងហោចណាស់ ៣ឆ្នាំ និងមានអាយុចាប់ពី២៥ ដល់៤០ឆ្នាំ។ អង្គការក្រៅរដ្ឋាភិបាលដែលបេក្ខជនកំពុងបម្រើការងារ ត្រូវតែមានបេសកកម្មទាក់ទងនឹង អភិវឌ្ឍសហគមន៍ បរិស្ថាន ការអប់រំ សិទ្ធិស្ត្រី ពលរដ្ឋសកម្ម និងបញ្ហានានាទៀតដែលទាក់ទងនឹងការដោះស្រាយបញ្ហាដែលសង្គមកំពុងជួបប្រទះ។ មួយវិញទៀត បេក្ខជនក៏ត្រូវតែមានពេលវេលាគ្រប់គ្រាន់ដើម្បីចូលរួមកម្មវិធី និងមានចំណេះដឹងភាសាអង់គ្លេសទាំង និយាយ និងសរសេរផងដែរ។ បេក្ខជនអាចត្រៀមនូវឯកសារមួយចំនួនដូចជា ប្រវត្តិរូបសង្ខេប សេចក្តីថ្លែងការផ្ទាល់ខ្លួន លិខិតអនុសាសន៍ចំនួនពីរច្បាប់ ដើម្បីងាយស្រួលក្នុងការដាក់ពាក្យ។
បើតាមប្រភពដដែល កម្មវិធីនេះនឹងគ្រប់ដណ្តប់លើថ្លៃចំណាយដូចជា ថ្លៃយន្តហោះ កន្លែងស្នាក់នៅ (ស្នាក់នៅជាមួយគ្នាជាលក្ខណៈអន្តេវាសិកដ្ឋាន) ថ្លៃចំណាយក្រៅពីកម្មវិធីចំនួន ៣សប្តាហ៍ និងមានឱកាសសហការជាមួយអង្គការក្រៅរដ្ឋាភិបាលនៅតៃវ៉ាន់។ បន្ថែមពីលើនេះ នេះជាឱកាសកសាងសមត្ថភាពសម្រាប់បេក្ខជនតាមរយៈការចូលរួមសិក្ខាសាលា ការពិភាក្សាតុមូលជាមួយបេក្ខជនមកពីបណ្តាអង្គការផ្សេងគ្នា និងមានទំនាក់ទំនងជាមួយបណ្តាបេក្ខជនដែលធ្លាប់ចូលរួមទៀតផង។ បេក្ខជនអាចអានព័ត៌មានបន្ថែម និងដាក់ពាក្យតាមរយៈ តំណភ្ជាប់ ឱ្យបានមុនថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦។
គួរបញ្ជាក់ថា កម្មវិធីនេះជាការចូលរួមរបស់បេក្ខជនមកពីបណ្តាប្រទេសនៅក្នុងអាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ និងតំបន់កោះនៅក្នុងប្រទេសប៉ាស៊ីហ្វិក។ នៅក្នុងឆ្នាំនេះ កម្មវិធីនឹងជ្រើសរើសបេក្ខជនឱ្យចូលរួមចំនួន ១២នាក់៕