វៀងច័ន្ទ៖ ក្រសួងកសិកម្ម និងបរិស្ថានឡាវ (MAE) បានរាយការណ៍ថា ក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំ ២០២៦ នេះ ប្រទេសឡាវបានកត់ត្រានូវចំណុចកម្ដៅ (Hotspots) សរុបចំនួន ១៦,៣៩៥ កន្លែង ដែលបានបង្កឱ្យកម្រិតភាគល្អិតពុល PM 2.5 កើនឡើងដល់កម្រិតគ្រោះថ្នាក់នៅគ្រប់ខេត្តទូទាំងប្រទេស។យោងតាមទិន្នន័យពីក្រសួង ចំណុចកម្ដៅទាំងនេះបានរីករាលដាលពាសពេញតំបន់ព្រៃឈើគ្រប់ប្រភេទ រួមទាំងដីកសិកម្មផងដែរ។
តាមកាសែត The Laotian Times សកម្មភាពមនុស្សដូចជាការដុតព្រៃធ្វើចម្ការ និងការរុករានដីព្រៃ ជាមូលហេតុចម្បងដែលបង្កឱ្យមានចំណុចកម្ដៅ (Hotspots) ហក់ឡើងដល់ ៨៩៥ កន្លែងក្នុងមួយថ្ងៃ គិតត្រឹមថ្ងៃទី១ ខែមេសា ដោយខេត្តហ្លួងព្រះបាងរងគ្រោះខ្លាំងជាងគេ។
ករណីនេះបានធ្វើឱ្យកម្រិត PM 2.5 ហក់ឡើងហួសស្តង់ដារសុវត្ថិភាពនៅគ្រប់ខេត្តទូទាំងប្រទេសឡាវ ជាពិសេសខេត្តភាគខាងជើងដែលមានសន្ទស្សន៍គុណភាពខ្យល់ (AQI) ខ្ពស់ជាង ២០០ ដែលបង្កគ្រោះថ្នាក់ខ្លាំងដល់សុខភាព។
វិបត្តិនេះបានក្លាយជាបញ្ហាឆ្លងដែន ដោយកាលពីថ្ងៃទី១ ខែមេសា ក្រុងឈៀងម៉ៃ ប្រទេសថៃ បានជាប់ចំណាត់ថ្នាក់ជាទីក្រុងដែលមានការបំពុលខ្យល់ខ្លាំងបំផុតលើលោក (AQI ២៣៥)។ ដើម្បីឆ្លើយតប មន្ត្រីឡាវ និងថៃ បានប្ដេជ្ញាចិត្តរួមគ្នាអនុវត្ត «កសិកម្មគ្មានការដុត» និងដាក់ចេញប្រព័ន្ធតាមដានដើម្បីកាត់បន្ថយអគ្គិភ័យក្នុងតំបន់។ ទន្ទឹមនឹងនេះ អាជ្ញាធរក៏បានណែនាំឱ្យប្រជាពលរដ្ឋពាក់ម៉ាស និងជៀសវាងការហាត់ប្រាណនៅទីវាលផងដែរ៕