វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក ដូណាល់ត្រាំ បានបណ្តេញអគ្គរដ្ឋអាជ្ញាក្រសួងយុត្តិធម៌អាម៉េរិកលោកស្រី Pam Bondi ចេញពីតំណែង ហើយលោកបានតែងតាំងអតីតមេធាវីផ្ទាល់ខ្លួនរបស់លោកផ្ទាល់ឱ្យបម្រើការជាប្រធានស្តីទីនៃក្រសួងយុត្តិធម៌។ លោកត្រាំបានរិះគន់លោកស្រីចំពោះការដោះស្រាយ លើឯកសាររបស់ Epstein និងការបរាជ័យរបស់លោកស្រីផ្ទាល់ដែលមិនអាចដោះស្រាយបញ្ហាមួយចំនួនទៀតរបស់លោកត្រាំ។ ការបណ្តេញលោកស្រី Pam Bondi ចេញបានកើតឡើងជិតមួយខែបន្ទាប់ពីលោក ត្រាំ បានបណ្តេញលោកស្រី Kristi Noem ចេញពីតំណែងជាប្រធានក្រសួងសន្តិសុខមាតុភូមិអាម៉េរិក។
លោក ដូណាល់ត្រាំ បានប្រកាសនៅលើប្រព័ន្ធ Truth Social ថាលោកស្រី “Pam Bondi គឺជាអ្នកស្នេហាជាតិអាម៉េរិកដ៏អស្ចារ្យ និងជាមិត្តស្មោះត្រង់ម្នាក់ ដែលបានបម្រើការជាអគ្គរដ្ឋអាជ្ញារបស់ខ្ញុំយ៉ាងស្មោះត្រង់ក្នុងរយៈពេលមួយឆ្នាំកន្លងមក”។លោកស្រីបានធ្វើការងារដ៏អស្ចារ្យក្នុងការត្រួតពិនិត្យការបង្ក្រាបដ៏ធំមួយនៅក្នុងឧក្រិដ្ឋកម្មនៅទូទាំងប្រទេសរបស់យើង”។ លោកប្រធានាធិបតីថា លោកស្រី Bondi «នឹងផ្លាស់ប្តូរទៅរកការងារថ្មីដ៏សំខាន់ និងចាំបាច់បំផុតនៅក្នុងវិស័យឯកជន ដែលនឹងត្រូវប្រកាសនៅថ្ងៃណាមួយក្នុងពេលឆាប់ៗនេះ» ហើយតំណែងលោកស្រីនឹងត្រូវជំនួសដោយលោក Todd Blanche អនុប្រធានរដ្ឋអាជ្ញា។
លោកស្រី Pam Bondi ត្រូវបានគេរាយការណ៍ថាបានធ្វើឲ្យលោកដូណាល់ត្រាំខឹងសម្បារ ដោយការបរាជ័យរបស់លោកស្រីជាមួយនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីចោទប្រកាន់គូប្រជែងរបស់លោក ត្រាំ ដូចជាអតីតនាយក FBI លោក James Comey និងអគ្គរដ្ឋអាជ្ញាញូវយ៉ក លោកស្រី Letitia James ជាដើម។ ទន្ទឹមនឹងនេះ មុខតំណែងនេះនឹងត្រូវបានជំនួសដោយលោក Todd Blanche ដែលជាមេធាវីផ្ទាល់ខ្លួនម្នាក់ដែលបានការពារលោក ត្រាំ នៅក្នុងសំណុំរឿងព្រហ្មទណ្ឌជាច្រើនដែលលោកបានប្រឈមមុខបន្ទាប់ពីលោកបានចាកចេញពីសេតវិមានក្នុងឆ្នាំ ២០២១៕