ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នាថ្ងៃទី២ មេសា បានណែនាំក្រើនរំលឹកពីការរក្សាសុខភាព និងសុវត្ថិភាព ក្នុងអំឡុងពេលអាកាសធាតុក្តៅខ្លាំងក្នុងចន្លោះពី ៣៧°C ទៅ៤១°C ដែលស្ថានភាពនេះ អាចបង្កឱ្យបុគ្គលគ្រប់រូប ជាពិសេសមនុស្សចាស់ ទារក កុមារ ស្ត្រីមានផ្ទៃពោះ អ្នកធ្វើការក្រៅផ្ទះ អត្តពលិក និងអ្នកមានជំងឺរ៉ាំរ៉ៃងាយធ្លាក់ខ្លួនឈឺជាយថាហេតុ រួមមាន បញ្ហានៅខួរក្បាល (Heat Stroke) ការខ្សោះជាតិទឹក ជំងឺសរសៃឈាមបេះដូង ជំងឺតម្រងនោម ជំងឺថប់អារម្មណ៍ រមួលក្រពើ រលាកផ្លូវដង្ហើម និងនាំឱ្យមានជំងឺឆ្លងផ្សេងៗដូចជា ជំងឺរាករូស ជំងឺរាកមូល និងជំងឺគ្រុនពោះវៀន។ល។ បណ្តាលមកពីការប្រើប្រាស់ទឹកមិនស្អាត និងចំណីអាហារពុំមានសុវត្ថិភាព។
ក្រសួងសុខាភិបាល បានណែនាំឱ្យពិសាទឹកស្អាត ឬទឹកដោយប្រើធុងចម្លោះ ឬទឹកដាំឱ្យពុះ ឬទឹកដែលបន្សុទ្ធដោយថ្នាំក្លរីន ឬក្លរ៉ាមីន (ថ្នាំក្លរីន ឬក្លរ៉ាមីន២គ្រាប់ អាចលាយទឹក២០លីត្រ)។ ពិសាទឹកឱ្យបានញឹកញាប់ លើសពី២លីត្រ ក្នុងមួយថ្ងៃចំពោះមនុស្សពេញវ័យ។ ចៀសវាងស្ថិតក្រោមកម្ដៅថ្ងៃដោយផ្ទាល់យូរពេក ដោយត្រូវរកកន្លែងជ្រក ឬរបាំងការពារកម្ដៅព្រះអាទិត្យ។ ស្លៀកសម្លៀកបំពាក់ដែលអាចជួយការពារកម្ដៅព្រះអាទិត្យដូចជា ពាក់មួក ដែលមានគែមធំ ឬប្រើឆ័ត្រធ្វើជារបាំងការពារកម្ដៅថ្ងៃ។ សម្លៀកបំពាក់ពណ៌ស្រាល រលុង និង កុំងូតទឹកត្រជាក់ភ្លាមៗ បន្ទាប់ពីត្រឡប់ពីកន្លែងដែលមានកម្ដៅខ្លាំង។ រក្សាអនាម័យខ្លួនប្រាណ និងលាងដៃឱ្យបានញឹកញាប់ ជាពិសេសមុនញ៉ាំអាហារ និងក្រោយចេញពីបង្គន់។ ទុកដាក់ម្ហូបអាហារដោយមានគម្របត្រឹមត្រូវ។ ចៀសវាងការទទួលទានគ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិស្ករ អំបិលច្រើន។
បន្ថែមពីនេះ សមាជិកគ្រួសារត្រូវតែតាមដានមើលឱ្យបានញឹកញាប់ ចំពោះមនុស្សចាស់ ក៏ដូចជាអ្នកកំពុងមានជំងឺ កុមារ ក្រោមអាយុ២ឆ្នាំ អ្នកជំងឺផ្លូវចិត្ត និងអ្នកមានជំងឺរ៉ាំរ៉ៃ។ ប្រសិនបើមានរោគសញ្ញា ដូចជា វិលមុខ ចង្អោរ ក្អួត ឈឺក្បាល រមូលសាច់ដុំ (រមូលក្រពើ) ត្រូវគិតថាជា សញ្ញាដំបូងនៃផលប៉ះពាល់ដោយសារកម្ដៅ ក្នុងករណីនេះត្រូវផ្លាស់ប្តូរទៅរកទីកន្លែងត្រជាក់ និង ត្រូវសម្រាក ២ ទៅ ៣នាទី រួចពិសាទឹកត្រជាក់យឺតៗ ហើយកុំបន្តសកម្មភាព ព្រោះអាចមានហានិភ័យដល់សុខភាព។ ចៀសវាងការចោមរោមអ្នកជំងឺដែលមានបញ្ហាសុខភាព និងត្រូវស្វែងរកការព្យាបាលភ្លាមៗនៅមណ្ឌល សុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត ប្រសិនបើមិនធូរស្រាល។
វិធីសង្គ្រោះបឋមពេលមានមនុស្សសន្លប់ ឬវិលមុខខ្លាំងដោយសារកម្ដៅ៖ នាំអ្នកជំងឺទៅកន្លែងដែលមានម្លប់ត្រជាក់ជាបន្ទាន់។ បញ្ចុះកម្តៅរាងកាយដោយប្រើកន្សែងជោគទឹកត្រជាក់ជូតខ្លួន ឬដាក់នៅក្រោមក្លៀក ត្រង់ក បើអាចគួរប្រើកង្ហារបក់។ ដាក់ជនរងគ្រោះឱ្យដេកផ្ងារ លាតសន្ធឹង និងលើកជើងឱ្យខ្ពស់បន្តិច ដើម្បីឱ្យឈាមរត់ទៅចិញ្ចឹម ខួរក្បាលបានល្អ។ បើជនរងគ្រោះនៅដឹងខ្លួន ឱ្យគាត់ផឹកទឹកត្រជាក់បន្តិចម្តងៗ។ ហាមប្រើទឹកពេលគាត់សន្លប់ ឬ បាត់ស្មារតី ព្រោះអាចបណ្តាលឱ្យឈ្លក់។ បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ប្រសិនបើអាការៈមិនធូរស្រាលក្នុងរយៈពេល ១៥នាទី ឬអ្នកជំងឺ សន្លប់មិនដឹងខ្លួន ត្រូវហៅរថយន្តគិលានសង្គ្រោះជាបន្ទាន់៕