ភ្នំពេញ៖ ក្រសួងអប់រំ បានដាក់ចេញឱ្យប្រើប្រាស់នូវកម្មវិធីទូរស័ព្ទ “សាលាអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន” ហៅកាត់ថា Sala MIL App ។ កម្មវិធីនេះ ជាឧបករណ៍ឌីជីថលដែលអភិវឌ្ឍឡើងក្នុងគោលបំណងជំនួយដល់ការបង្រៀន រៀន និងស្វ័យសិក្សាលើបំណិនភាពជាពលរដ្ឋឌីជីថលសាកល និងប្រើប្រាស់ប្រព័ន្ធឌីជីថលប្រកបដោយទំនួលខុសត្រូវ សុវត្ថិភាព និងទំនុកចិត្ត។ សម្រាប់អ្នកមានចំណាប់អារម្មណ៍អាចទាញយកកម្មវិធីទូរស័ព្ទតាម តំណភ្ជាប់ ដោយឥតគិតថ្លៃ។
បន្ថែមពីនេះ កម្មវិធីទូរស័ព្ទដៃនេះ បង្កភាពងាយស្រួល និងបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់អ្នកសិក្សាលើសុវត្ថភាពប្រព័ន្ធឌីជីថល។ កម្មវិធីនេះ សំខាន់ទៅលើការអប់រំអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ដែលជាចំណេះដឹងដ៏សំខាន់សម្រាប់យុគសម័យឌីជីថលបច្ចុប្បន្ន។ ក្នុងនោះ មេរៀនមានចំនួនប្រាំជំពូក មានការធ្វើតេស្តបន្ទាប់ពីសិក្សា(Quiz) និងបណ្ណាល័យដែលប្រមូលផ្តុំដោយឯកសារទាក់ទងជាច្រើន។
ជាមួយគ្នានេះ ជំពូកទាំង៥រួមមាន អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន។ ជំពូកទី២ បញ្ញាសិប្បនិម្មិត។ ជំពូកទី៣ ភាពជាពលរដ្ឋឌីជីថល។ ជំពូកទី៤ សុវត្ថិភាព និងឯកជនភាពលើបណ្តាញអ៊ីនធឺណេត។ ជំពូកទី៥ ហានិភ័យសម្រាប់យុវវ័យលើបណ្តាញអ៊ីនធឺណេត៕