ភ្នំពេញ៖ វេទិកាយុវជនអាស៊ាន-ជប៉ុន ឆ្នាំ២០២៦ ចាប់ផ្តើមបើកទទួលពាក្យសម្រាប់និស្សិតសាកលវិទ្យាល័យនៅក្នុងបណ្តាប្រទេសជាសមាជិកអាស៊ាន ឱ្យចូលរួមវគ្គបណ្តុះបណ្តាល និងការផ្លាស់ប្តូរការសិក្សានៅប្រទេសជប៉ុន។ កម្មវិធីនេះ ធ្វើឡើងដើម្បីពង្រឹងការយោគយល់គ្នាទៅវិញទៅមករវាងយុវជនអាស៊ាន និងជប៉ុន។ ប្រធានបទសម្រាប់ឆ្នាំ២០២៦នេះគឺ “Live in Harmony with Nature: Reimagining the Biosphere from Asian Perspective”។
យោងតាមគេហទំព័រផ្លូវការនៃ AUN ឱកាសនេះផ្តល់ឱ្យសម្រាប់និស្សិតនៅក្នុងបណ្តាប្រទេសជាសមាជិកអាស៊ាន និងកំពុងសិក្សានៅសាកលវិទ្យាល័យដែលជាសមាជិកនៃ ASEAN University Network។ មួយវិញទៀតកម្មវិធីនេះផ្តល់ឱ្យសម្រាប់បេក្ខជនដែលមានពេលវេលាគ្រប់គ្រាន់ដើម្បីចូលរួមទាំងថ្នាក់អនឡាញ និងការផ្លាស់ប្តូរការសិក្សាផ្ទាល់(ត្រូវចូលរួមគ្រប់វគ្គឱ្យបានពេញលេញ)។ បន្ថែមពីនេះបេក្ខជនដែលដាក់ពាក្យចូលរួម ត្រូវតែមានឆន្ទៈបញ្ចេញគំនិតរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាសង្គមជាសកល ឬមានចំណាប់អារម្មណ៍ខ្លាំងទៅលើការដោះស្រាយបញ្ហាដែលទាក់ទងនឹងប្រធានបទ និងសង្គមជាក់ស្តែង។ ចំណែកអាកប្បកិរិយាវិញបេក្ខជនត្រូវតែងាយស្រួលសម្របជាមួយអ្នកដទៃ មានគំនិតវិជ្ជមាន និងគោរពពេលវេលា។ បេក្ខជនត្រូវតែអាចប្រើប្រាស់ភាសាអង់គ្លេស មានទំនាក់ទំនងល្អ និងអាចប្រើប្រាស់ប្រព័ន្ធឌីជីថលបានល្អ។
បើតាមប្រភពដដែល កម្មវិធីនេះនឹងគ្របដណ្តប់លើថ្លៃចំណាយនានាអំឡុងពេលកម្មវិធីដែលរួមមាន ថ្លៃយន្តហោះទៅមកសម្រាប់ការផ្លាស់ប្តូរការសិក្សា អាហារ កន្លែងស្នាក់នៅ និងថ្លៃចំណាយលើតម្រូវការផ្សេងៗទៀត។ កម្មវិធីនេះនឹងចែកចេញជាបួនវគ្គសំខាន់ៗ។ វគ្គទី១ គឺជាការតម្រង់ទិស និងបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ។ វគ្គទីគឺជាកម្មវិធីផ្លាស់ប្តូរការសិក្សារយៈពេល ៧ថ្ងៃនៅប្រទេសថៃ។ វគ្គទី៣ វគ្គបណ្តុះបណ្តាល និងធ្វើបទបង្ហាញតាមប្រព័ន្ធអនឡាញ។ ជាចុងក្រោយ គឺជាទស្សនៈកិច្ចសិក្សានៅប្រទេសជប៉ុនរយៈពេល៨ថ្ងៃ។
គួរបញ្ជាក់ថា បេក្ខជនដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យតាម តំណភ្ជាប់ ឱ្យបានត្រឹមថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦។សាកលវិទ្យាល័យនៅកម្ពុជាដែលជាសមាជិក ASEAN University Network រួមមាន សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ពុទ្ធិកវិទ្យាល័យ ព្រះសីហមុនីរាជា សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងសេដ្ឋកិច្ច សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យបៀលប្រាយ វិទ្យាស្ថាន Cam Ed វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យបាត់ដំបង សាកលវិទ្យាល័យស្វាយរៀង សាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ (AUN, 2026)៕