ថៃ៖ ហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងខេត្ត Kalasin ប្រទេសថៃ កាលពីយប់ថ្ងៃចន្ទ ទី៣០ ខែមីនា កន្លងទៅនេះ នៅពេលដែលបុរសម្នាក់បានប្រើកាំបិតចាក់សម្លាប់មិត្តស្រី និងអ្នកជិតខាងរបស់ខ្លួន ក្នុងអំឡុងពេលប្រារព្ធពិធីសូត្រមន្តលើករាសី ទោះបីជាកន្លងមកមិនធ្លាប់មានជម្លោះជាមួយគ្នាក៏ដោយ។
តាមសេចក្ដីរាយការណ៍ពីកាសែត The Thaiger ជនសង្ស័យមានឈ្មោះ Chonlachart អាយុ ២៥ ឆ្នាំ ជាអតីតអ្នកចម្រៀងប្រពៃណី «មោឡាំ» (Mor Lam) ភាគឦសាន។ តាមសេចក្តីរាយការណ៍ បុរសរូបនេះបានផ្លាស់ប្តូរចរិតលក្ខណៈពីមនុស្សរីករាយ មកជាមានសភាពស្លន់ស្លោ និងមានអារម្មណ៍ភ័យខ្លាចថាមានគេចង់តាមសម្លាប់ ទើបក្រុមគ្រួសារសម្រេចចិត្តរៀបចំពិធីចងខ្សែអំបោះសូត្រមន្ត ដើម្បីដេញឧបទ្រពចង្រៃ និងជួយឱ្យស្មារតីរបស់គេល្អប្រសើរឡើងវិញ។
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅពេលដែលអ្នកជិតខាងឈ្មោះ Chomchalao អាយុ ៤៤ ឆ្នាំ កំពុងធ្វើពិធីចងខ្សែអំបោះឱ្យ ស្រាប់តែជនសង្ស័យកើតអាការៈឆេវឆាវខ្លាំង ហើយបានស្ទុះទៅចាក់សម្លាប់ស្ត្រីរូបនោះ។ ភ្លាមៗនោះ រូបគេក៏បានបែរមកចាក់មិត្តស្រីរបស់ខ្លួនឈ្មោះ Fonluang អាយុ ២០ ឆ្នាំ ដែលកំពុងអង្គុយនៅក្បែរនោះ ចំខ្នងបណ្តាលឱ្យធ្លាយដល់សួត។
ទោះបីជាអ្នកទាំងពីរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗក្រោយកើតហេតុ ប៉ុន្តែជាអកុសល ជនរងគ្រោះទាំងពីរបានស្លាប់បាត់បង់ជីវិតដោយសាររបួសធ្ងន់ធ្ងរពេក។តាមការត្រួតពិនិត្យ ប៉ូលិសបានធ្វើតេស្តរកសារធាតុញៀន និងពិនិត្យសុខភាពផ្លូវចិត្ត ប៉ុន្តែមិនបានរកឃើញភាពមិនប្រក្រតីអ្វីឡើយ ទោះបីជាជនសង្ស័យរូបនេះត្រូវបានគេដឹងថាបានប្រើប្រាស់កញ្ឆា និងទឹកក្រatom ជាប្រចាំរាល់ថ្ងៃក៏ដោយ។