ភ្នំពេញ៖ រដ្ឋាភិបាលនៃសាធារណរដ្ឋស្លូវ៉ាគី ផ្តល់អាហារូបករណ៍កម្រិតឧត្តមសិក្សាដែលរួមមាន ថ្នាក់បរិញ្ញាបត្រ ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិតជាច្រើនកន្លែង ដល់និស្សិតអន្តរជាតិដែលរួមមានកម្ពុជាផងដែរ។ អាហារូបករណ៍នេះ នឹងផុតកំណត់ទទួលពាក្យនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។
យោងតាមគេហទំព័រផ្លូវការនៃ SlovakAid ដើម្បីដាក់ពាក្យស្នើសុំអាហារូបករណ៍នេះ សម្រាប់ថ្នាក់បណ្ឌិត និងអនុបណ្ឌិត បេក្ខជនត្រូវតែមានអាយុពី ១៨ ដល់២៦ឆ្នាំ។ រីឯថ្នាក់បណ្ឌិត បេក្ខជនត្រូវមានអាយុពី២៣ ទៅ៣៥ឆ្នាំ។ បេក្ខជនទាំងអស់ត្រូវតែទទួលបានលទ្ធផលនៃការសិក្សា ៨០ភាគរយនៃពិន្ទុពេញ ទាំងថ្នាក់មធ្យមសិក្សា និងឧត្តមសិក្សា។ មួយវិញទៀតបេក្ខជនត្រូវតែចុះឈ្មោះនៅសាលាដែលបានកំណត់ឱ្យជាមុនសិន ដើម្បីដាក់ពាក្យតាមប្រព័ន្ធអនឡាញ។
បន្ថែមពីនេះ សម្រាប់ការដាក់ពាក្យបេក្ខជនត្រូវតែភ្ជាប់ជាមួយឯកសារមួយចំនួនដូចជា វិញ្ញាបនបត្រ និងសញ្ញាបត្របញ្ចប់ការសិក្សា លិខិតយល់ព្រមឱ្យចូលសិក្សាពីសាកលវិទ្យាល័យសាធារណរដ្ឋស្លូវ៉ាគី ព្រឹត្តិបត្តពិន្ទុ សំបុត្រកំណើត រូបថត លិខិតអនុសាសន៍ពីគ្រូបង្រៀននៅសាកលវិទ្យាល័យ ប្រវត្តិរូបសង្ខេប Motivation Letter។ ឯកសារបោះពុម្ពផ្សាយសម្រាប់អ្នកស្នើសុំថ្នាក់បណ្ឌិត លិខិតឆ្លងដែន និងបំពេញពាក្យ និងឯកសារដែលបានផ្តល់ឱ្យ ឱ្យបានត្រឹមត្រូវ។
គួរបញ្ជាក់ផងដែរថា បេក្ខជនដែលទទួលបានអាហារូបករណ៍នេះ នឹងត្រូវសិក្សាជាភាសាស្លូវ៉ាគី។ បើបេក្ខជនមិនមានចំណេះដឹងលើភាសាស្លុវ៉ាគី អាហារូបករណ៍នឹងផ្គត់ផ្គង់សម្រាប់ការសិក្សាត្រៀមរយៈពេល ១០ខែ។ សម្រាប់ព័ត៌មានបន្ថែម និងការដាក់ពាក្យបេក្ខជនអាចចូលទៅកាន់ តំណភ្ជាប់ ឱ្យបានត្រឹមថ្ងៃទី៣១ ខែមេសា ឆ្នាំ២០២៦៕