អាម៉េរិក៖ អភិបាលរដ្ឋ Florida លោក Ron DeSantis ដែលជាសមាជិកគណបក្សសាធារណរដ្ឋ បានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់មួយ ដើម្បីប្តូរឈ្មោះអាកាសយានដ្ឋានអន្តរជាតិ Palm Beach ជាអាកាសយានដ្ឋានអន្តរជាតិ Donald J. Trump។ សេចក្តីព្រាងច្បាប់នេះត្រូវបានស្នើឡើងដោយលោកស្រី Meg Weinberger ដែលជាតំណាងរដ្ឋមកពីគណបក្សសាធារណរដ្ឋ ហើយបានឆ្លងកាត់សភា និងព្រឹទ្ធសភារដ្ឋដែលដឹកនាំដោយគណបក្សសាធារណរដ្ឋ។
យោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន CNN ក្រុមរដ្ឋបាលលោក ត្រាំ ដែលដឹកនាំដោយកូនប្រុសរបស់លោកប្រធានាធិបតី ត្រាំ គឺលោក Donald Trump Jr. និងលោក Eric Trump បានដាក់ពាក្យសុំពាណិជ្ជសញ្ញាជាមួយការិយាល័យប៉ាតង់ និងពាណិជ្ជសញ្ញាសហរដ្ឋអាម៉េរិកកាលពីខែកុម្ភៈ សម្រាប់ឈ្មោះបីគឺ “អាកាសយានដ្ឋានអន្តរជាតិប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump” “អាកាសយានដ្ឋានអន្តរជាតិ Donald Trump” និង “DJT”។
ក្រុមអ្នកប្រជាធិបតេយ្យបានសម្តែងការព្រួយបារម្ភថា គ្រួសារលោកត្រាំអាចទទួលបានប្រាក់ចំណេញពីសិទ្ធិពាណិជ្ជសញ្ញា ប្រសិនបើឈ្មោះអាកាសយានដ្ឋានត្រូវបានផ្លាស់ប្តូរ។ ជាការឆ្លើយតបគ្រួសារលោកត្រាំថា ខ្លួននឹងមិនទទួលបានប្រាក់កម្រៃណាមួយដែលទាក់ទងនឹងការប្តូរឈ្មោះអាកាសយានដ្ឋាន Palm Beach នោះទេ។
គួររម្លឹកថាដំណើរការផ្លាស់ប្តូរឈ្មោះត្រូវតែឆ្លងកាត់ដំណើរការមួយ នៅក្នុងផែនទីអាកាសចរណ៍ និងមូលដ្ឋានទិន្នន័យរុករករបស់រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA)។ នៅពេលដែលបានបញ្ចប់ វានឹងចូលជាធរមាននៅថ្ងៃទី ១ ខែកក្កដា។ លេខកូដបីអក្សររបស់អាកាសយានដ្ឋានក៏ត្រូវបានកំណត់ឱ្យផ្លាស់ប្តូរពី "PBI" (Palm Beach Airport) ទៅ "DJT" (Donald J. Trump) ។ លោកប្រធានាធិបតី ត្រាំ ដែលមានដើមកំណើតមកពីទីក្រុងញូវយ៉ក បានផ្លាស់ទៅរដ្ឋ Florida ក្នុងឆ្នាំ ២០១៩ ហើយភាគច្រើនរស់នៅ Mar-a-Lago Resort ក្នុង West Palm Beach នៃរដ្ឋ Florida៕