681 ezgif.com resize
Swift cc time

អាជ្ញាធរក្រុងហាណូយបញ្ជាឱ្យត្រួតពិនិត្យអាហារតាមសាលារៀនជាបន្ទាន់ ក្រោយធ្លាយព័ត៌មានលក់សាច់ជ្រូកឈឺជិត ៣០០ តោន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

វៀតណាម៖ មន្ទីរអប់រំ និងបណ្តុះបណ្តាលទីក្រុងហាណូយ កាលពីថ្ងៃអង្គារ កន្លងទៅនេះ បានចេញបញ្ជាឱ្យសាលារៀនទាំងអស់ក្នុងរដ្ឋធានី ធ្វើការត្រួតពិនិត្យ និងបង្ហាញជាសាធារណៈនូវប្រភពផ្គត់ផ្គង់អាហារតាមសាលារៀន បន្ទាប់ពីមានការរកឃើញករណីចែកចាយសាច់ជ្រូកមានជំងឺជិត ៣០០ តោន ចូលទៅក្នុងទីផ្សារ និងសាលារៀនមួយចំនួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Tuoi Tre News។

អាជ្ញាធរក្រុងហាណូយបានចេញសេចក្តីប្រកាស និងអនុវត្តន៍វិធានការសំខាន់ រួមមានសាលារៀនត្រូវបិទផ្សាយជាសាធារណៈនូវបញ្ជីមុខម្ហូប កម្រិតជីវជាតិ និងប្រភពនៃគ្រឿងផ្សំឱ្យបានច្បាស់លាស់។សាលានីមួយៗត្រូវបង្កើតក្រុមការងារសុវត្ថិភាពចំណីអាហារ ដែលមានការចូលរួមពីតំណាងមាតាបិតាសិស្ស និងត្រូវផ្ទៀងផ្ទាត់ឯកសារច្បាប់របស់អ្នកផ្គត់ផ្គង់ និងលក្ខខណ្ឌដឹកជញ្ជូនឱ្យបានហ្មត់ចត់បំផុត។

វិធានការរឹតបន្តឹងនេះត្រូវបានធ្វើឡើង ក្រោយពេលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៨ នាក់ រួមទាំងមន្ត្រីចត្តាឡីស័កសត្វផងដែរ ដែលស្ថិតក្នុងបណ្តាញលួចលាក់កាប់សម្លាប់ និងលក់ជ្រូកមានផ្ទុកមេរោគ ប៉េស្តជ្រូកអាហ្វ្រិក (African Swine Fever) ប្រមាណ ៣,៦០០ ក្បាល។

គួរបញ្ចាក់ថា រឿងរ៉ាវនេះបានបែកធ្លាយកាលពីថ្ងៃទី ១៧ ខែមីនា នៅពេលដែលប៉ូលិសបានឆ្មក់ចូលទីតាំងសត្តឃាតមួយកន្លែងក្នុងឃុំ Nam Phu ក្រុងហាណូយ ដែលដឹកនាំដោយមេក្លោងឈ្មោះ Nguyen Thi Hien អាយុ ៣១ ឆ្នាំ។ អ្វីដែលគួរឱ្យហួសចិត្តបំផុតនោះ ក្រុមជនសង្ស័យបានសហការជាមួយមន្ត្រីចត្តាឡីស័ក ដើម្បីរំលងការត្រួតពិនិត្យ ដែលអនុញ្ញាតឱ្យសាច់ជ្រូកមានជំងឺ និងជ្រូកដែលងាប់ទៅហើយ អាចចរាចរលើទីផ្សារបាន ដោយសាច់ជ្រូកទាំងនោះត្រូវបានចែកចាយទៅកាន់ទីផ្សារបោះដុំ និងក្រុមហ៊ុនអាហារមួយចំនួន ដែលផ្គត់ផ្គង់បន្តទៅឱ្យអាហារដ្ឋានតាមសាលារៀនជាច្រើនក្នុងទីក្រុងហាណូយ៕

Khcct banner

អត្ថបទទាក់ទង