រុស្ស៊ី៖ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសនៅថ្ងៃទី ១ ខែ មេសា នេះថាយន្តហោះយោធាមួយគ្រឿង An-26 របស់រុស្ស៊ីបានធ្លាក់ចូលទៅក្នុងច្រាំងថ្មចោទមួយនៅក្នុងតំបន់ គ្រីមៀ ដោយបានសម្លាប់មនុស្ស ២៩ នាក់នៅលើយន្តហោះ មន្រ្តីរុស្ស៊ីថាការទាក់ទងជាមួយយន្តហោះដឹកជញ្ជូនយោធា An-26 បានបាត់បង់ ហើយពេលនេះប្រតិបត្តិការរុករកកំពុងតែបន្ត។
ទីភ្នាក់ងារសារព័ត៌មាន Tass បានរាយការណ៍ដោយដកស្រង់សម្តីក្រសួងការពារជាតិរុស្ស៊ីថា កន្លែងធ្លាក់យន្តហោះនេះមានទីតាំងនៅតំបន់ គ្រីមៀ ដែលជាឧបទ្វីបមួយដែលលាតសន្ធឹងចូលទៅក្នុងសមុទ្រខ្មៅ ដែលត្រូវបានរុស្ស៊ីបញ្ចូលពីអ៊ុយក្រែនក្នុងឆ្នាំ ២០១៤ ដោយមានអ្នកដំណើរ ២៣ នាក់ និងសមាជិកនាវិក ៦ នាក់បានស្លាប់។
ក្រសួងការពារជាតិបានបញ្ជាក់ទៀតថាកាលពីថ្ងៃទី ៣១ ខែមីនា វេលាម៉ោងប្រហែល ១៨:០០ ម៉ោងនៅទីក្រុងមូស្គូ ការទាក់ទងជាមួយយន្តហោះដឹកជញ្ជូនយោធា An-26 បានបាត់បង់ ខណៈពេលដែលយន្តហោះកំពុងហោះហើរតាមកាលវិភាគលើឧបទ្វីប គ្រីមៀ តាមការវាយតម្លៃដំបូងនៃការធ្លាក់នេះដោយសារតែ បញ្ហាបច្ចេកទេសត្រូវបានគេជឿថាជាមូលហេតុនៃការធ្លាក់នេះ។ មន្រ្តីជំនាញកំពុងបើកប្រតិបត្តិការស្វែងរក និងរកមូលហេតុពិតប្រាកដនៃហេតុការណ៍មួយនេះ៕