ថៃ៖ មេបញ្ជាការកងទ័ពជើងទឹកថៃ លោកវរនាវីឯក Thammanoon Wanna ត្រូវបានដកចេញពីតំណែងជាមេបញ្ជាការកងកម្លាំងភារកិច្ចម៉ារីនប្រចាំខេត្តត្រាត និង ត្រូវបានចាត់តាំងឱ្យទៅដឹកនាំអង្គភាពសកម្មភាពមីនមនុស្សធម៌ (HMAU) វិញ តាមបទបញ្ជាចុះហត្ថលេខាកាលពីថ្ងៃទី ៣០ ខែមីនា ដោយមេបញ្ជាការបញ្ជាការដ្ឋានការពារព្រំដែនចន្ទបុរី និងត្រាត។ នេះបើតាមកាសែតThai Enquirer។
ការផ្លាស់ប្តូរតំណែងភ្លាមៗនេះ បានកើតឡើងបន្ទាប់ពីមានហេតុការណ៍ប្រឈមមុខដាក់គ្នារវាងកងទ័ពថៃ និងកម្ពុជា កាលពីថ្ងៃទី ២៦ ខែមីនា នៅតំបន់ព្រំដែន ថ្មដា ដែលក្នុងនោះកូនចៅក្រោមឱវាទរបស់លោក Thammanoon បានមានជម្លោះពាក្យសម្តីយ៉ាងតានតឹងជាមួយមន្ត្រីយោធាកម្ពុជា រហូតទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់សាធារណជន។
ទាក់ទិននឹងបញ្ហានេះ បញ្ជាការដ្ឋានការពារព្រំដែនចន្ទបុរី-ត្រាត បានបកស្រាយថា នេះគ្រាន់តែជាការផ្លាស់ប្តូរតំណែងតាមទម្លាប់ពាក់កណ្តាលឆ្នាំសម្រាប់មន្ត្រីយោធាចំនួន ១៧ រូបប៉ុណ្ណោះ មិនមែនជាការដាក់វិន័យពាក់ព័ន្ធនឹងជម្លោះព្រំដែននោះទេ ខណៈដែលលោក Thammanoon ត្រូវបានគេចាត់ទុកថា ជាបុគ្គលមានបទពិសោធន៍ខ្ពស់ក្នុងប្រតិបត្តិការតាមព្រំដែន ដែលស័ក្តិសមបំផុតសម្រាប់ដឹកនាំអង្គភាពបោសសម្អាតមីន។
ដោយឡែក សាមីខ្លួនលោក Thammanoon បានបញ្ជាក់ថា លោកទទួលបានបញ្ជាផ្ទេរតំណែងនេះដោយមិនបានដឹងខ្លួនជាមុនឡើយ ហើយបច្ចុប្បន្នកំពុងរៀបចំប្រគល់ការងារទៅឱ្យអ្នកបន្តវេនតាមការកំណត់៕