ភ្នំពេញ៖ ក្រុមគ្រូពេទ្យចិន បានចេញវេជ្ជបញ្ជាតម្រូវឱ្យព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បន្តគង់ប្រថាប់ពិនិត្យព្រះរាជសុខភាពនៅចិនមួយរយៈទៀត។នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។
យោងតាមសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា ក្នុងរយៈពេលព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះអង្គស្ដេចយាងមកពិនិត្យ និង ព្យាបាលព្រះរាជសុខភាព នៅមន្ទីរពេទ្យប៉េកាំង ប្រទេសចិន តាមការពិនិត្យដោយយកចិត្ត ទុកដាក់ល្អិតល្អន់ជាទីបំផុត ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យរដ្ឋធានីប៉េ បានបញ្ជាក់ថា ការពិនិត្យព្រះរាជសុខភាពថ្វាយ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅពុំទាន់បានចប់សព្វគ្រប់នៅឡើយ នៅមានបញ្ហាសុខភាពមួយចំនួន ដែលត្រូវតាមដានពិនិត្យ និង ព្យាបាលជាបន្តទៀត។
បើតាមសេចក្តីប្រកាស តាមវេជ្ជបញ្ជាក្រុមគ្រូពេទ្យចិន តម្រូវឱ្យព្រះអង្គគង់ប្រថាប់បន្តមួយរយៈទៀត ដែលពុំអាចយាងនិវត្តន៍ ទៅកាន់មាតុប្រទេស នៅពេលនេះបានទេ។ជាមួយគ្នានោះ ក្រសួងបាននាំយកសារផ្ញើសេចក្តីនឹករលឹកជា ពន់ពេក ជូនដល់ប្រជាជនកម្ពុជា និង សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណបារមីវត្ថុស័ក្តិសិទ្ធិ នានាក្នុងលោក និងទេវតាឆ្នាំថ្មី ប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនជនរួមជាតិទាំងអស់ សូមបានប្រកបនូវសេចក្តីសុខ សេចក្តីចម្រើន និងសូមប្រកប ដោយព្រះពុទ្ធពរគ្រប់ប្រការ កុំបីឃ្លៀង ឃ្លាតឡើយ៕