681 ezgif.com resize
Swift cc time

ឡាវប្រឈមនឹងអាកាសធាតុក្ដៅខ្លាំងដល់ ៤០ អង្សាសេ និងព្រមានអំពីភ្លៀងដុំទឹកកកនៅតំបន់មួយចំនួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ឡាវ៖ ប្រទេសឡាវកំពុងត្រៀមលក្ខណៈប្រឈមមុខនឹងរលកកម្ដៅក្ដៅខ្លាំងបំផុត ដែលសីតុណ្ហភាពអាចហក់ឡើងដល់ ៤០ អង្សាសេ នៅក្នុងសប្តាហ៍នេះ ខណៈអាជ្ញាធរឧតុនិយមបានចេញសេចក្តីព្រមានអំពីលទ្ធភាពនៃភ្លៀងដុំទឹកកក ខ្យល់កន្ត្រាក់ និងផ្គររន្ទះនៅតាមតំបន់មួយចំនួនផងដែរ។នេះបើតាមកាសែតThe Laotian Times។

យោងតាមនាយកដ្ឋានឧតុនិយម និងជលសាស្ត្រឡាវ ប្រព័ន្ធសម្ពាធទាបរួមផ្សំនឹងខ្យល់មូសុងនិរតី កំពុងគ្របដណ្តប់លើផ្ទៃប្រទេស ដែលបង្កឱ្យមានសភាពហប់ក្ដៅខ្លាំង និងមានអ័ព្ទស្ងួតនៅពេលថ្ងៃ ជាពិសេសនៅរដ្ឋធានីវៀងចន្ទន៍ តំបន់ភាគពាយព្យ ភាគកណ្តាល និងភាគខាងត្បូង។

អាជ្ញាធរបានសង្កត់ធ្ងន់ថា កម្ដៅដ៏កាចសាហាវនេះអាចបង្កហានិភ័យខ្ពស់ដល់សុខភាពសាធារណៈ ជាពិសេសចំពោះកុមារ និងមនុស្សចាស់ ដែលអាចប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាលដោយសារកម្ដៅ (Heatstroke) ព្រមទាំងបង្កឱ្យមានគ្រោះអគ្គិភ័យ និងការឆ្លងចរន្តអគ្គិសនីផងដែរ។

ដើម្បីការពារសុវត្ថិភាព អាជ្ញាធរឡាវបានណែនាំពលរដ្ឋ ឱ្យកាត់បន្ថយការចេញក្រៅផ្ទះក្នុងអំឡុងពេលថ្ងៃត្រង់ បរិភោគទឹកឱ្យបានច្រើន និងតាមដានការវិវត្តនៃស្ថានភាពអាកាសធាតុជាប្រចាំ ព្រោះបាតុភូតធម្មជាតិអាចនឹងប្រែប្រួលភ្លាមៗ។

Khcct banner

អត្ថបទទាក់ទង