តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានបញ្ជាក់កាលពីថ្ងៃចន្ទនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថា សភាអ៊ីរ៉ង់កំពុងពិចារណាលើការដកខ្លួនរបស់ប្រទេសអ៊ីរ៉ង់ចេញពីសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។ លោកថា អ៊ីរ៉ង់មិនដែលស្វែងរកការអភិវឌ្ឍអាវុធនុយក្លេអ៊ែរទេ ហើយមិនមានបំណងធ្វើដូច្នេះទេតែដោយសារតែអ៊ីរ៉ង់រងភាពអយុត្តិធម៌ជាខ្លាំងពីការវាយប្រហាររបស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល និងគ្មាននរណាម្នាក់ចេញមុខថ្កោលទោសលើប្រទេសទាំងពីរនេះឡើយ។
បើតាមលោក Baghaei អ៊ីរ៉ង់កំពុងពិចារណាលើបញ្ហានេះ ជាពិសេសដោយសារតែវិធីសាស្រ្ត "អយុត្តិធម៌ខ្លាំង" របស់ IAEA (ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ) និងអាកប្បកិរិយា "បំផ្លិចបំផ្លាញ" របស់សហរដ្ឋអាម៉េរិក និងរដ្ឋសមាជិកមួយចំនួនរបស់ទីភ្នាក់ងារនេះ ដែលបានគាបសង្កត់សិទ្ធិរបស់ទីក្រុងតេអេរ៉ង់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ លោកថាពេលនេះមានការព្រួយបារម្ភជាសាធារណៈកាន់តែខ្លាំងឡើងនៅក្នុងប្រទេសអ៊ីរ៉ង់ថា ប្រសិនបើមហាអំណាចមួយចំនួនបន្តរារាំងប្រទេសអ៊ីរ៉ង់ពីការទទួលបានសិទ្ធិដែលបានផ្តល់ក្រោមសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ការបន្តស្ថិតនៅក្នុងសន្ធិសញ្ញានឹងគ្មានន័យឡើយសម្រាប់អ៊ីរ៉ង់។
គួររម្លឹកថាសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ឬត្រូវបានគេស្គាល់ជាភាសាអង់គ្លេសថា Treaty on the Non-Proliferation of Nuclear Weapons (NPT) គឺជាកិច្ចព្រមព្រៀងអន្តរជាតិដ៏សំខាន់មួយ ដែលមានគោលបំណងទប់ស្កាត់ការរីករាលដាលនៃអាវុធនុយក្លេអ៊ែរ និងបច្ចេកវិទ្យាអាវុធនេះ សន្ធិសញ្ញានេះត្រូវបានបើកឱ្យចុះហត្ថលេខានៅឆ្នាំ ១៩៦៨ និងបានចាប់ផ្តើមអនុវត្តជាផ្លូវការនៅឆ្នាំ ១៩៧០ ប្រសិនអ៊ីរ៉ង់ចាកចេញពីសន្ធិសញ្ញានេះមានន័យថាអ៊ីរ៉ង់និងមិនបន្តអនុញ្ញាតឱ្យភ្នាក់ងារ IAEA ចូលទៅត្រួតពិនិត្យរោងចក្រនុយក្លេអ៊ែររបស់ខ្លួនទៀតទេ។ ពិភពលោកនឹងលែងដឹងថា តើអ៊ីរ៉ង់កំពុងចម្រាញ់អ៊ុយរ៉ាញ៉ូមដល់កម្រិតណា ឬកំពុងផលិតក្បាលគ្រាប់នុយក្លេអ៊ែរឬយ៉ាងណា៕