ចាកាតា៖ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានចាប់ផ្តើមអនុវត្តបទបញ្ញត្តិថ្មីមួយកាលពីថ្ងៃទី ២៨ ខែមីនា ដោយផ្អាកមិនឱ្យកុមារដែលមានអាយុក្រោម ១៦ ឆ្នាំ ចូលប្រើប្រាស់បណ្តាញសង្គមធំៗដូចជា YouTube, TikTok, Facebook, Instagram, X និងហ្គេមអនឡាញ Roblox ជាដើម។ វិធានការនេះធ្វើឡើងក្នុងគោលបំណងការពារកុមារប្រមាណ ៧០ លាននាក់ ពីផលប៉ះពាល់អវិជ្ជមាននៃពិភពឌីជីថល រួមមាន៖ រូបភាពអាសអាភាស, ការបៀតបៀនតាមអ៊ីនធឺណិត, ការបោកប្រាស់អនឡាញ និងការជក់ងប់ងុលនឹងបណ្តាញសង្គម ដែលជះឥទ្ធិពលអាក្រក់ដល់សុខភាពផ្លូវចិត្ត។
យោងតាមការរាយការណ៍របស់កាសែត South China Morning Post រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងកិច្ចការឌីជីថលឥណ្ឌូនេស៊ី លោកស្រី Meutya Hafid បានបញ្ជាក់ថា រដ្ឋាភិបាលនឹងតម្រូវឱ្យក្រុមហ៊ុនបច្ចេកវិទ្យាទាំងអស់អនុវត្តតាមច្បាប់នេះជាជំហានៗដោយគ្មានការលើកលែងឡើយ ទោះបីជាការត្រួតពិនិត្យ និងការបិទគណនីកុមារទាំងនោះជាកិច្ចការដ៏លំបាកក៏ដោយ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយចំនួនដូចជា X, YouTube និង TikTok ក៏បានបង្ហាញជំហរត្រៀមខ្លួនសហការជាមួយរដ្ឋាភិបាលឥណ្ឌូនេស៊ីផងដែរ។
អ្នកជំនាញផ្នែកការពារកុមារ និងអាណាព្យាបាលមួយចំនួនបានគាំទ្រចំណាត់ការនេះ ដោយយល់ឃើញថាវាជួយឱ្យកុមារត្រឡប់មកមានទំនាក់ទំនងក្នុងពិភពពិត និងកាត់បន្ថយការញៀនទូរស័ព្ទ ខណៈដែលបណ្តាប្រទេសមួយចំនួនទៀតក្នុងតំបន់អឺរ៉ុប ក៏កំពុងពិចារណាដាក់ចេញវិធានការស្រដៀងគ្នានេះ។
គួរបញ្ជាក់ថា ឥណ្ឌូនេស៊ីគឺជាប្រទេសដំបូងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបានសម្រេចដាក់ចេញនូវបម្រាមដ៏តឹងរ៉ឹងលើការប្រើប្រាស់បណ្ដាញសង្គមចំពោះកុមារ បន្ទាប់ពីប្រទេសអូស្ត្រាលីបានអនុវត្តកាលពីឆ្នាំមុន។