មីយ៉ាន់ម៉ា៖ មេដឹកនាំរបបសឹកមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) ស្ថិតក្នុងចំណោមមនុស្ស២នាក់ ដែលត្រូវបានសមាជិកនៃរដ្ឋសភាមីយ៉ាន់ម៉ា ជ្រើសរើសឱ្យឈរឈ្មោះ ជាបេក្ខជនអនុប្រធានាធិបតី។ ដោយការបោះឆ្នោតនៅថ្ងៃច័ន្ទនេះព្រឹទ្ធសភាមីយ៉ាន់ម៉ាត្រូវបានរំពឹងថានឹងជ្រើសរើសមនុស្សម្នាក់ទៀត ឱ្យឈរឈ្មោះជាបេក្ខជនអនុប្រធានាធិបតី។ បន្ទាប់មក សភាទាំង២ នឹងបោះឆ្នោតរើសយកម្នាក់ក្នុងចំណោមបេក្ខជនទាំង៣ ឱ្យក្លាយជាប្រធានាធិបតីជាផ្លូវការ។
ផ្អែកតាមការចេញផ្សាយរបស់ BBC លោក មីន អ៊ុងឡាំង នឹងក្លាយជាប្រធានាធិបតីមីយ៉ាន់ម៉ាខាងមុខនេះ ខណៈដែលលោក យ៉េ វីន អូ ត្រូវបានតែងតាំងជាអគ្គមេបញ្ជាការនៃកងកម្លាំងការពារជាតិ ដោយឡើងកាន់តំណែងជំនួសលោក មីនអ៊ុងឡាំង ដែលត្រូវបានតែងតាំងជាបេក្ខជនប្រធានាធិបតីម្នាក់ក្នុងចំណោមបេក្ខជនទាំងបី។ បេក្ខជនម្នាក់ក្នុងចំណោមបេក្ខជនទាំងបីនឹងត្រូវបានជ្រើសរើសជាប្រធានាធិបតីនៅថ្ងៃអង្គារខាងមុននេះ។
គួររម្លឹកថាលោកមីន អ៊ុងឡាំង បានគ្រប់គ្រងប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីឆ្នាំ ២០២១ មកបន្ទាប់ពីលោកបានដឹកនាំរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុង សាន ស៊ូជី។ ការឡើងកាន់តំណែងរបស់លោកនាពេលនោះបាននាំឱ្យមានការរំលាយគណបក្សរបស់លោកស្រីអ៊ុង សាន ស៊ូជី និងធ្វើឱ្យសង្គ្រាមស៊ីវិលដែលកំពុងបន្តកាន់តែធ្ងន់ធ្ងរឡើង៕