ភ្នំពេញ៖ រដ្ឋសភាជាតិកម្ពុជា នៅថ្ងៃទី ៣០ មីនានេះ បានអនុម័តជាឯកច្ឆ័នហើយលើសេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងសំឡេង ១១២លើ១១២ សំឡេង។ក្រោយអនុម័ត សេចក្តីព្រាងច្បាប់នេះនឹងត្រូវបន្តបញ្ជូនទៅកាន់ព្រឹទ្ធសភាកម្ពុជា ដើម្បីពិនិត្យ និង អនុម័ត មុនថ្វាយព្រះមហាក្សត្រឡាយព្រះហស្តលេខា ដើម្បីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។
ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី ៣០ មីនានេះ រដ្ឋសភាជាតិនៃកម្ពុជា បានបើកសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ ដើម្បីពិនិត្យអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង សេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។សម័យប្រជុំនោះ មានសមាជិកសភាចូលរួមចំនួន១១២រូប។
ក្នុងសម័យប្រជុំនោះ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំក្រុមការងារឡើងថ្លែងការពារសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយក្រោយមកសមាជិកសភាទាំង១១២រូប បានអនុម័តជាឯកច្ឆ័នហើយលើសេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងសំឡេង ១១២លើ១១២ សំឡេង។
សេចក្តីព្រាងច្បាប់ប្រឆាំង Online Scam តាក់តែងឡើងស្របជាមួយស្មារតីនៃអនុសញ្ញាអន្តរជាតិដែលកម្ពុជាទើបតែចុះហត្ថលេខារួច និង តាមឲ្យទាន់បទល្មើសបច្ចេកវិទ្យាកំពុងរីកចម្រើននាពេលបច្ចុប្បន្ន។ដូច្នេះទាមទារឱ្យរាជរដ្ឋាភិបាលបង្កើតច្បាប់តាមទាន់ជាមួយនឹងបទល្មើសទាំងអស់នេះ ដើម្បីដាក់ទោសជនល្មើស។
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានចាត់ទុកបញ្ហាបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ក៏ជាបញ្ហាដែលត្រូវសម្អាតផ្ទះយើង ហើយការងារនេះ គឺជាកិច្ចការងារធ្វើជាប្រចាំ និង ជារៀងរហូត មិនមែនធ្វើតែមួយថ្ងៃឬពីរថ្ងៃនោះទេ។ក្នុងច្បាប់នេះ ក៏បានកំណត់ និង ដាក់ចេញនូវកាតព្វកិច្ចមួយចំនួន ចំពោះអ្នកពាក់ព័ន្ធរួមទាំងម្ចាស់ទីតាំងជួលឱ្យក្រុមឧក្រិដ្ឋជនផងដែរ៕