អាម៉េរិក៖ ចលនាបាតុកម្មទ្រង់ទ្រាយធំក្រោមស្លាក "No Kings" បានរីករាលដាលពាសពេញសហរដ្ឋអាម៉េរិក ដោយមានព្រឹត្តិការណ៍ជាង ៣,២០០ ត្រូវបានរៀបចំឡើងក្នុងរដ្ឋទាំង ៥០ ដើម្បីប្រឆាំងនឹងគោលនយោបាយដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ បាតុកម្មនេះបានទាក់ទាញមនុស្សរាប់លាននាក់ចូលរួម ចាប់ពីទីក្រុងធំៗដូចជា ញូវយ៉ក និងវ៉ាស៊ីនតោន រហូតដល់តំបន់សហគមន៍តូចៗ ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃភាពមិនពេញចិត្តចំពោះការដឹកនាំបែបផ្តាច់ការ និងការបង្ក្រាបជនអន្តោប្រវេសន៍យ៉ាងចាស់ដៃ ដែលបានបណ្តាលឱ្យពលរដ្ឋអាម៉េរិកខ្លះបាត់បង់ជីវិតក្រោមស្នាដៃមន្ត្រីសហព័ន្ធ។នេះបើតាមការចេញផ្សាយរបស់កាសែតReuters។
ក្នុងពិធីជួបជុំនៅរដ្ឋ Minnesota លោក Tim Walz អភិបាលរដ្ឋ និងជាបេក្ខជនអនុប្រធានាធិបតីបក្សប្រជាធិបតេយ្យឆ្នាំ ២០២៤ រួមជាមួយសមាជិកព្រឹទ្ធសភាអាម៉េរិក លោក Bernie Sanders បានថ្លែងរិះគន់ចំៗថា រដ្ឋបាលលោក ត្រាំ គឺជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ។ ទន្ទឹមនឹងនោះ តារាចម្រៀងល្បីឈ្មោះ Bruce Springsteen ក៏បានចូលរួមសម្តែងនូវបទចម្រៀងដើម្បីឧទ្ទិសដល់ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតផងដែរ។
ជាការឆ្លើយតប គណៈកម្មាធិការជាតិគណបក្សសាធារណរដ្ឋបានវាយបកវិញថា សកម្មភាពទាំងនេះគឺជា «ការជួបជុំស្អប់ខ្ពើមអាម៉េរិក» ដែលរៀបចំឡើងដោយក្រុមឆ្វេងនិយមជ្រុល ដើម្បីបម្រើផលប្រយោជន៍នយោបាយរបស់បក្សប្រជាធិបតេយ្យ។
តាមសេចក្ដីរាយការណ៍ដដែល ស្ថានភាពនៅទីក្រុងមួយចំនួនបានឈានដល់ភាពតានតឹងខ្លាំង ជាពិសេសនៅទីក្រុង Dallas ដែលមានការប៉ះទង្គិចគ្នាជាមួយក្រុមអ្នកគាំទ្រលោក ត្រាំ និងនៅទីក្រុង Los Angeles ដែលមានការប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងការចាប់ខ្លួនមនុស្សជាច្រើន បន្ទាប់ពីមានអំពើហិង្សាលើមន្ត្រីអនុវត្តច្បាប់សហព័ន្ធ។
គួរកត់សម្គាល់ថា រលកបាតុកម្មនេះកើតឡើងចំពេលដែលប្រជាប្រិយភាពរបស់លោក ត្រាំ បានធ្លាក់ចុះមកត្រឹម ៣៦% ដែលជាកម្រិតទាបបំផុត និងក្នុងបរិបទដែលសហរដ្ឋអាម៉េរិកកំពុងជាប់ពាក់ព័ន្ធក្នុងជម្លោះយោធានៅមជ្ឈិមបូព៌ា។ ចលនានេះត្រូវបានគេមើលឃើញថា ជាការត្រៀមលក្ខណៈបង្កើនសកម្មភាពនយោបាយឆ្ពោះទៅកាន់ការបោះឆ្នោតពាក់កណ្តាលអាណត្តិដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗនេះ។