ភ្នំពេញ៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានចេញនូវសេចក្តីប្រកាសបន្ថែមពីការបន្តនីតិវិធីអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ម៉ឹងម៉ាត់លើស្ត្រីអ្នកបើកបររថយន្តឈ្មោះ សុខ ច័ន្ទបូណ៍មី ភេទស្រី អាយុ ២២ឆ្នាំ ពាក់ព័ន្ធគ្រោះថ្នាក់ចរាចរណ៍នៅឬស្សីកែវ ដែលនាំឱ្យក្មេងប្រុងម្នាក់របួសធ្ងន់ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។
យោងតាមសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានពន្យល់ថា ស្ត្រីអ្នកបើកបរឈ្មោះ សុខ ច័ន្ទបូណ៍មី ភេទស្រី អាយុ ២២ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមានរបួសដល់អ្នកដទៃ (ស្ថិតក្នុងស្ថានភាពស្រវឹងអត្រាជាតិអាល់កុល ០.៥២ mg/L និងបើកគេចខ្លួនពីកន្លែងកើតហេតុ) ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ប្រសព្វផ្លូវលេខ១៧១៧ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។
បើតាមសេចក្តីប្រកាសនោះ តុលាការសង្កត់ធ្ងន់ថា បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនបណ្តោះអាសន្នជនត្រូវចោទឈ្មោះ សុខ ច័ន្ទបូណ៍មី ដើម្បីបន្តការស៊ើបសួរ និងពុំមានការសម្រេចដោះលែងជនត្រូវចោទរូបនេះឱ្យនៅក្រៅឃុំ នោះទេ ហើយតុលាការនឹងបន្តនីតិវិធីអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ម៉ឹងម៉ាត់ និងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។