ភ្នំពេញ៖ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នឹងរៀបចំព្រឹត្តិការណ៍ ពិព័រណ៍ទេពកោសល្យ និងស្នាដៃនិស្សិតលើកទី៩ រយៈពេល៣ថ្ងៃពោលគឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦។
យោងតាមការចេញផ្សាយរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ការតាំងបង្ហាញនឹងធ្វើឡើងចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង៩យប់ នៅក្នុងបរិវេណនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ទីតាំងថ្មី នៅជិត ស.ស.យ.ក ព្រែកលៀប។ នៅក្នុងព្រឹត្តិការណ៍នេះ នឹងមានការតាំងបង្ហាញទេពកោសល្យនិងស្នាដៃ របស់និស្សិតមកពីមហាវិទ្យាល័យទាំង៥ ដែលរួមមាន មហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យា មហាវិទ្យាល័យបុរាណវិទ្យា មហាវិទ្យាល័យតូរ្យតន្ត្រី មហាវិទ្យាល័យសិល្បៈនាដសាស្ត្រ និងមហាវិទ្យាល័យសូនរូប។ ក្រៅពីនេះ ក៏មានដេប៉ាត់ម៉ង់ឆ្នាំសិក្សាមូលដ្ឋាន កាកបាទក្រហមកម្ពុជា មជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌ និងនវានុវត្តន៍ និងមានការប្រគុំតន្រ្តីចម្រុះ ការសម្តែងទស្សនីយភាព សិល្បៈបុរាណ ប្រពៃណី ព្រមទាំងល្បែងប្រជាប្រិយផងដែរ។
គួរបញ្ជាក់ថា ការតាំងបង្ហាញស្នាដៃសិស្សលើកទី៩នេះ ស្ថិតក្រោមប្រធានបទ “ អនុស្សាវរីយ៍” ដែលអនុញ្ញាត្តឱ្យទស្សនិកជនចូលរួមដោយសេរី និងឥតគិតថ្លៃ៕