681 ezgif.com resize
Swift cc time

កម្ពុជា និង AUF ពង្រឹងកិច្ចសហប្រតិបត្តិការឧត្តមសិក្សា ដើម្បីត្រៀមខ្លួនឆ្ពោះទៅធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងអប់រំកម្ពុជា រំពឹងថានឹងមានការវិវឌ្ឍកាន់តែប្រសើរឡើង តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារឧត្ដមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) ខណៈដែលកម្ពុជាកំពុងត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅឆ្នាំ២០២៦ ខាងមុខ។

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបពិភាក្សាជាមួយ លោកសាស្ត្រាចារ្យ Nicolas MAÏNETTI នាយក AUF ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើចំណុចយុទ្ធសាស្ត្រសំខាន់ៗមួយចំនួន។

លោកសាស្ត្រាចារ្យ Nicolas MAÏNETTI បានជម្រាបជូនអំពីគម្រោងផ្លាស់ប្តូរការិយាល័យរបស់ AUF ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក មកកាន់ប្រទេសកម្ពុជា ដែលនេះជាសញ្ញាណវិជ្ជមានក្នុងការបង្កើនទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ។

ភាគីទាំងពីរបានឯកភាពគ្នាក្នុងការរៀបចំសកម្មភាពអមនានា ដើម្បីអបអរសាទរកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោកឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ឱ្យមានការបង្កើតជំនួបផ្លាស់ប្តូរបទពិសោធន៍ និងសិក្ខាសាលាតាមប្រព័ន្ធអនឡាញឱ្យបានច្រើន ដើម្បីជំរុញស្មារតីសិក្សាស្រាវជ្រាវដល់និស្សិតកម្ពុជា។

រដ្ឋមន្រ្តីអប់រំ ក៏បានកោតសរសើរចំពោះសមិទ្ធផលកន្លងមករបស់ AUF ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលភាសាបារាំងនៅកម្រិតឧត្តមសិក្សា និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

ជាកិច្ចឆ្លើយតប លោកសាស្ត្រាចារ្យ Nicolas MAÏNETTI បានសម្តែងនូវការអរគុណចំពោះកិច្ចសហការយ៉ាងល្អពីសំណាក់ក្រសួងអប់រំ និងបានប្តេជ្ញាបន្តគាំទ្រដល់កម្មវិធីអប់រំនានា ដើម្បីបង្កើនសមត្ថភាពនិស្សិត និងបុគ្គលិកអប់រំឱ្យកាន់តែដើរទាន់សកលភាវូបនីយកម្ម ជាពិសេសក្នុងក្របខ័ណ្ឌនៃប្រទេសប្រើប្រាស់ភាសាបារាំង៕


Khcct banner

អត្ថបទទាក់ទង