681 ezgif.com resize
Swift cc time

វៀតណាមឃាត់ខ្លួនមនុស្ស ៧ នាក់ពាក់ព័ន្ធ «ឆបោកអនឡាញទ្រង់ទ្រាយធំ» ក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ហាណូយ៖ អាជ្ញាធរប៉ូលីសវៀតណាមបានប្រកាសកាលពីថ្ងៃទី ២៦ ខែមីនា នូវភាពជោគជ័យលើការបង្ក្រាបករណីឆបោកតាមប្រព័ន្ធឌីជីថល «ក្នុងទ្រង់ទ្រាយធំខុសប្រក្រតី» ដែលមានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ និងមានជនរងគ្រោះរាប់លាននាក់។

តាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន CNA អាជ្ញាធរវៀតណាមបានបង្ក្រាបករណីឆបោកគ្រីបតូ (Cryptocurrency) ទ្រង់ទ្រាយធំ តាមរយៈផ្លែតហ្វមឈ្មោះ ONUS ដែលបានអូសទាញអ្នកវិនិយោគរាប់លាននាក់ចាប់តាំងពីឆ្នាំ ២០១៨។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចវៀតណាមបានសម្រេចឃាត់ខ្លួនបុគ្គលល្បីឈ្មោះម្នាក់ក្នុងវិស័យ Fintech គឺលោក Vuong Le Vinh Nhan (ឬគេស្គាល់ថា Eric Vuong) និងបក្សពួក ៦ នាក់ទៀត ពីបទបង្កើតកាក់ឌីជីថលក្លែងក្លាយ និងលាងលុយកខ្វក់ ដោយប្រើប្រាស់វិធីសាស្ត្របង្កើនតម្រូវការក្លែងក្លាយ ដើម្បីកែសម្រួលតម្លៃតាមអំពើចិត្ត។

ជនរងគ្រោះមិនបញ្ចេញឈ្មោះម្នាក់បានរៀបរាប់ទាំងក្តីរំជួលចិត្តថា រូបលោកមានអារម្មណ៍ តក់ស្លុត និងខ្ទេចខ្ទាំចិត្តជាទីបំផុត បន្ទាប់ពីបានបាត់បង់ប្រាក់សន្សំអស់ជាង ១៥,០០០ ដុល្លារអាម៉េរិក នៅក្នុងករណីឆបោកដ៏ធំសម្បើមមួយនេះ។

ទោះបីជាវៀតណាមជាប្រទេសឈានមុខគេមួយក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិឌីជីថល ដោយមានអ្នកកាន់កាប់ប្រមាណ ១៧ លាននាក់ក៏ដោយ ប៉ុន្តែការខ្វះខាតច្បាប់គ្រប់គ្រងច្បាស់លាស់ ឬ «តំបន់ប្រផេះ» (Legal Grey Area) បានក្លាយជាឱកាសឱ្យមានការឆបោកកើតឡើងយ៉ាងធ្ងន់ធ្ងរ។

បច្ចុប្បន្ន ផ្លែតហ្វម ONUS ត្រូវបានផ្អាកដំណើរការទាំងស្រុង ខណៈដែលអាជ្ញាធរវៀតណាមកំពុងអំពាវនាវឱ្យជនរងគ្រោះដទៃទៀតដែលបានបាត់បង់ប្រាក់កាស ចូលខ្លួនមកផ្តល់ព័ត៌មានបន្ថែម ដើម្បីបន្តនីតិវិធីច្បាប់លើក្រុមជនសង្ស័យទាំងនោះ៕

Khcct banner

អត្ថបទទាក់ទង