អ៊ីរ៉ង់៖ យោងធាអ៊ីរ៉ង់បានអះអាងនៅរសៀលថ្ងៃទី ២៧ ខែ មីនា នេះថាខ្លួនកំពុងត្រៀមខ្លួនរួចជាស្រេចដែលមានយុទ្ធជនអ៊ីរ៉ង់ជាងមួយលាននាក់ ដើម្បីធ្វើសង្រ្គាមប្រឆាំងជាមួយទាហានអាម៉េរិកថ្មើរជើង និងចាប់បញ្ជូនទាហានទាំងនោះដែលចូលមកទឹកដីអ៊ីរ៉ង់ទៅកាន់«ឋាននរក»។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Tasnim បានរាយការណ៍ថា យុទ្ធជនអ៊ីរ៉ង់កំពុងតែមានចំណាប់អារម្មណ៍កាន់តែខ្លាំងឡើង ដើម្បីបង្កើតឋាននរកប្រវត្តិសាស្ត្រសម្រាប់ជនជាតិអាម៉េរិកនៅលើដីអ៊ីរ៉ង់។
យោងតាមកាសែត Tasnim ដដែល យុវជនអ៊ីរ៉ង់បានដាក់ពាក្យសុំចុះឈ្មោះចូលបម្រើក្នុងជួរកងទ័ព កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) និងកងជីវពល Basij ស្ម័គ្រចិត្ត។ ពួកគេក៏បានចេញការព្រមានដ៏ធ្ងន់ធ្ងរមួយទៅកាន់ប្រធានាធិបតី ដូណាល់ ត្រាំ ដោយជំរុញឱ្យលោកកុំព្យាយាមដណ្តើមយកការគ្រប់គ្រងច្រកសមុទ្រហ័រមូសដ៏សំខាន់របស់អ៊ីរ៉ង់។ ក្រុមយុទ្ធជនអ៊ីរ៉ង់បានប្រាប់ថាអាម៉េរិកចង់បើកច្រកសមុទ្រតាមរយៈការធ្វើអត្តឃាត និងការបំផ្លាញខ្លួនឯង បើរឿងបែបនេះកើតឡើងមែនអ៊ីរ៉ង់ត្រៀមខ្លួនរួចជាស្រេចដើម្បីប្រយុទ្ធជាមួយពួកគេនិងការពារច្រកសមុទ្រហ័រមូស៕