Img 1426
Swift cc time

អង្គការក្លាហាន ជ្រើសរើសយុវជនចូលរួមវគ្គបំប៉ន «ការតស៊ូមតិបែបលទ្ធិស្រ្តីនិយមលើប្រព័ន្ធឌីជីថល»

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ អង្គការក្លាហាន ជ្រើសរើសយុវជនចំនួន៤ក្រុម ចូលរួមវគ្គបំប៉នស្តីអំពី ការតស៊ូមតិបែបលទ្ធិស្ត្រីនិយមលើប្រព័ន្ធឌីជីថលសម្រាប់យុវជនដែលចង់ពង្រឹងជំនាញធ្វើយុទ្ធនាការឌីជីថល ការនិយាយសាច់រឿង និងការផលិតមាតិកា។ វគ្គបណ្តុះបណ្តាលនេះនឹងធ្វើឡើងសរុបចំនួន ៨វគ្គ ដែល ៦វគ្គជាការជួបគ្នាដោយផ្ទាល់ និង២វគ្គតាមប្រព័ន្ធអនឡាញ នៅរាជធានីភ្នំពេញ។

យោងតាមគេហទំព័រផ្លូវការនៃអង្គការក្លាហាន វគ្គបំប៉ននេះបើកសម្រាប់ការចូលរួមជាក្រុម ដែលមួយក្រុមតម្រូវឱ្យមានសមាជិកពី ២ទៅ ៤នាក់ និងមានស្ត្រីជាសមាជិក ៥០ភាគរយ។ សមាជិកនីមួយៗត្រូវតែមានអាយុពី ១៨ ទៅ២៩ឆ្នាំ។ មួយវិញទៀត យុវជនដែលដាក់ពាក្យ គឺជាយុវជនបង្កើតមាតិកានៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ឬចង់ចាប់ផ្តើមផលិតមាតិកា ទាក់ទងនឹងសមភាពយេនឌ័រ សិទ្ធិស្ត្រី សិទ្ធសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយ៉េនឌ័រដែលសម្របសម្រួលដោយបច្ចេកវិទ្យា។ ក្រុមដែល ចួលរួមត្រូវបានរំពឹងថានឹងចូលរួមវគ្គបណ្តុះបណ្តាលគ្រប់វគ្គយ៉ាងពេញលេញ ចូលរួមយ៉ាងសកម្មនៅក្នុងការពិភាក្សា និងការងារក្រុម និងបំពេញកិច្ចការឱ្យបានទាន់ពេលវេលា។ ក្រុមចូលរួម ត្រូវផលិត និងផ្សព្វផ្សាយយុទ្ធនាការ ដែលមានមាតិកាយ៉ាងតិចចំនួន ៥ដោយអនុវត្តតាមគោលការណ៍សុវត្ថិភាពឌីជីថល និងគោលការណ៍មិនបង្កគ្រោះថ្នាក់នៅគ្រប់សកម្មភាពតស៊ូមតិនៅអំឡុងពេលវគ្គបំប៉ន។

បើតាមប្រភពដដែល អត្ថប្រយោជន៍នៃកម្មវិធីមានដូចជា ទទួលបានវគ្គបណ្តុះបណ្តាលយ៉ាងយកចិត្តទុកដាក់ទាក់ទងនឹងសមភាពយ៉េនឌ័រ សិទ្ធិស្ត្រី សិទ្ធិសុខភាពផ្លូវភេទ និងអំពើហិង្សាទាក់ទងនឹងយេនឌ័រដែលអាចសម្របសម្រួលបានដោយបច្ចេកវិទ្យា។ មួយវិញទៀត យុវជនអាចពង្រឹងជំនាញ ការតាក់តែង និងធ្វើយុទ្ធនាការ តាមប្រព័ន្ធឌីជីថលពីអ្នកណែនាំដែលមានបទពិសោធន៍។ លើសពីនេះ នេះជាឱកាសដែលយុវជនអាចពង្រឹងទំនាក់ទំនងជាមួយអ្នកតស៊ូមតិសិទ្ធិស្រ្តី រួមទាំងទទួលបានវិញ្ញាបនបត្របញ្ចប់វគ្គបបំប៉នទៀតផង។

គួរបញ្ជាក់ថា ចំពោះយុវជនដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យតាម តំណភ្ជាប់ ឱ្យបានត្រឹមថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦។ ចំពោះក្រុមយុវតីនៅតាមតមបន់ជនបទ ជនជាតិដើមភាគតិច អ្នកមានពិការភាព និងយុវតីនៅក្នុងសហគមន៍ស្រលាញ់ភេទដូចគ្នាត្រូវបានលើកទឹកចិត្ត។


Khcct banner

អត្ថបទទាក់ទង