
ចិន៖ក្រុមហ៊ុនFUSUN PHARMA របស់ចិន នៅថ្ងៃទី១៦ខែ ធ្នូបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអាល្លឺម៉ង់ BioNTech។តាមរយៈកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនអាល្លឺម៉ង់ BioNTech នឹងផ្គត់ផ្គង់វ៉ាក់សាំងការពារជំងឺកូវីដ១៩ យ៉ាងតិចចំនួន ១០០ លានដូសដល់ប្រទេសចិន ដែលគេរំពឹងថាវ៉ាក់សាំងនឹងបញ្ជូនដល់ប្រទេសចិននៅខែមករានៅ២០២១ខាងមុខនេះ។
ក្រុមហ៊ុនអាល្លឺម៉ង់ BioNTech និងក្រុមហ៊ុនឱសថអាមេរិក Pfizer បានសហការគ្នាក្នុងការបង្កើតវ៉ាក់សាំងការពារជំងឺកូវីដ១៩ BNT162b2 ។បច្ចុប្បន្ននេះ វ៉ាក់សាំងនេះត្រូវបាន សហរដ្ឋអាមេរិក កាណាដា និងប្រទេសជាច្រើនទៀតបានអនុម័តអោយចាប់ផ្តើមចាក់ជូនប្រជាពលរដ្ធ។
កាលពីខែមិនាឆ្នាំ ២០២០នេះ ក្រុមហ៊ុនFUSUN PHARMAរបស់ចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយ BioNTech ដើម្បីទទួលបានសិទ្ធិផ្តាច់មុខនៅក្នុងប្រទេសចិនហុងកុង ម៉ាកាវ និងតៃវ៉ាន់ក្នុងការអភិវឌ្ឍន៍និងធ្វើពាណិជ្ជកម្មលើផលិតផលវ៉ាក់សាំង COVID-១៩ ដោយផ្អែកលើវេទិកាបច្ចេកវិទ្យា mRNA ដែលជាកម្មសិទ្ធិរបស់ BioNTech។
ក្រុមហ៊ុនFUSUN PHARMAរបស់ចិន កាលពីថ្ងៃទី១៥ខែធ្នូកន្លងទៅនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយទៀតជាមួយ BioNTech ក្នុងករណីដែលវ៉ាក់សាំង mRNA ត្រូវបានអនុម័តដោយអាជ្ញាធរចិន ក្រុមហ៊ុន BioNTechនឹងផ្គត់ផ្គង់វ៉ាក់សាំង mRNA ចំនួនមិនតិចជាង ១០០ លានដូសទៅប្រទេសចិនក្នុងឆ្នាំ ២០២១។
យោងតាមកិច្ចព្រមព្រៀងផ្គត់ផ្គង់ដែលភាគីទាំងពីរសម្រេចបាន ការទូទាត់ប្រាក់ជាមុនប្រមាណ២៥០លានអឺរ៉ូសម្រាប់ វ៉ាក់សាំងដំបូងចំនួន ៥០ លានដូស។ដោយក្រុមហ៊ុនFUSUN PHARMA នឹងត្រូវបង់ប្រាក់ចំនួន១២៥ លានអឺរ៉ូមុនថ្ងៃទី ៣០ ខែធ្នូឆ្នាំ ២០២០ ហើយចំនួនដែលនៅសល់នឹងត្រូវបង់បន្ទាប់ពីផលិតផលត្រូវបានអនុម័តសម្រាប់ចូលទីផ្សារក្នុងប្រទេសចិន។
សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា ក្នុងចំណោមវ៉ាក់សាំងBioNTechដែលត្រូវបានទិញដោយក្រុមហ៊ុន Fosun Pharma វ៉ាក់សាំងប្រភេទBNT162b1 ស្ថិតក្នុងដំណាក់កាលការសាកល្បងទី១នៅប្រទេសចិននៅឡើយ ហើយវ៉ាក់សាំងប្រភេទ BNT162b2 កំពុងស្ថិតក្នុងដំណាក់កាលសាកល្បងដំណាក់កាលទី ២នៅឡើយ។
ទោះបីវ៉ាក់សាំងកូវីដ១៩របស់ក្រុមហ៊ុនចិនចំនួន៦ប្រភេទបានចូលដល់ការសាកល្បងគ្លីនិកដំណាក់កាលទី៣នៅក្នុងប្រទេសចិន ហើយក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់ចិនទាំងនោះក៏បានដាក់សំណើរទៅអាជ្ញាធរគ្រប់គ្រងឪសថចិនដើម្បីឈានដល់ការអនុម័តក៏ដោយ ក៏ក្រុមហ៊ុនBioNTechនៅតែមានសង្ឃឹមលក់វ៉ាក់សាំងរបស់ខ្លួនចូលទៅទីផ្សារចិន ដោយសារប្រទេសចិនមានប្រជាជនចិននឹងតម្រូវការលើសលុប។
លោក Ugur Sahin សហស្ថាបនិកក្រុមហ៊ុនBioNTechបានមាននិយាយនៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មានចិនថា ទោះបីក្រុមហ៊ុនចិនជាច្រើនកំពុងផលិតវ៉ាក់សាំងក៏ដោយ ចំនួនប្រជាជនចិនគឺជាកត្តាកំណត់ទំហំតម្រូវការទីផ្សារវ៉ាក់សាំងរបស់ប្រទេសនេះ។ ប្រសិនប្រជាជនចិនគ្រប់គ្នាត្រូវបានចាក់វ៉ាក់សាំង ប្រទេសចិនប្រហែលជាត្រូវការការផ្គត់ផ្គង់វ៉ាក់សាំងប្រហែល២ពាន់លានដូស៕