681 ezgif.com resize
Swift cc time

ពលករខ្មែរមកពីថៃជាង ៦០ម៉ឺននាក់ ទទួលបានការងារធ្វើតាមរយៈការផ្គូផ្គងការងារទ្រង់ទ្រាយធំ TVET

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ពលករខ្មែរដែលវិលត្រឡប់មកពីថៃប្រមាណជាង ៦០ម៉ឺននាក់ទទួលបានការងារធ្វើតាមរយៈការផ្គូផ្គងការងារទ្រង់ទ្រាយធំ ដែលមានវេទិកាការងារ ពិព័រណ៌ការងារចល័ត និងការពង្រីកកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)។ នេះបើតាមរបាយការណ៍របស់វិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា(CDRI) និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា(ERIA) កាលពីខែកុម្ភៈ ឆ្នាំ២០២៦នេះ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា របាយការណ៍ដែលរកឃើញដោយវិទ្យាស្ថានទាំងពីរនេះមានលក្ខណៈប្រហាក់ប្រហែលទៅនឹងរបាយការណ៍របស់ក្រសួងការងារ ប៉ុន្ដែអាចទទួលយកបាន។ បើតាមក្រសួង គិតត្រឹមពេលនេះ អតីតពលករ ៦៥ម៉ឺននាក់ហើយ ដែលមានការងារធ្វើ ដោយក្នុងនោះអតីតពលករប្រមាណជាង ៣៣ម៉ឺននាក់ទទួលបានការងារធ្វើក្នុងសហគ្រាស ក្រុមហ៊ុន រោងចក្រ និងកសិដ្ឋានធំៗ ព្រមទាំងទទួលបានរបបសន្ដិសុខសង្គម ខណៈដែលជាង ៣២ម៉ឺននាក់ផ្សេងទៀត បានធ្វើការនៅតាមការដ្ឋានសំណង់ សិប្បកម្ម ភោជនីយដ្ឋាន កសិដ្ឋាន និងកន្លែងលក់ដូររាយនៅតាមមូលដ្ឋានរបស់ពួកគាត់។

បើតាមលោក ស៊ុន មេសា របាយការណ៍របស់ CDRI និង ERIA មានលក្ខណៈអាចទទួលយកបាន និងតំណាងឱ្យបទពិសោធន៍ ដែលអាចវាយតម្លៃជារួមចំពោះបងប្អូនអតីតពលករដែលវិលត្រឡប់មកពីថៃ ខណៈដែលលោកមើលឃើញថា របាយការណ៍របស់សង់ត្រាល់ មិនមានសុក្រឹតភាពត្រឹមត្រូវ ដោយសារបញ្ហាបច្ចេកទេសនៃការស្ទង់មតិ ដែលនាំឱ្យរបាយការណ៍នេះមិនអាចឆ្លុះបញ្ចាំង ឬសន្និដ្ឋានជារួមទៅលើអតីតពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃបានទេ៕


Khcct banner

អត្ថបទទាក់ទង