Img 1426
Swift cc time

«អគារសិក្សាថ្មី»ចំនួន៥ខ្នង បានចាក់គ្រឹះដ៏រឹងមាំ សម្រាប់ការសិក្សាពេញមួយជីវិតសម្រាប់កុមារ នៅខេត្តព្រះវិហារ

យុវជន
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ខេត្តព្រះវិហារ៖ អគារសិក្សាថ្មី ចំនួន ៥ ខ្នង ដែលទើបនឹងសាងសង់រួច មាន ២១ បន្ទប់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ នៅសាលាបឋមសិក្សាចំនួន ៥ ក្នុងស្រុកគូលែន ស្រុកជាំក្សាន្ត និងស្រុករវៀង ខេត្តព្រះវិហារ។ អាគារសិក្សានេះ ត្រូវបានសាងសង់នៅតំបន់ដាច់ស្រយាលបំផុតមួយចំនួន ហើយរំពឹងថានឹងគាំទ្រដល់ការរៀនសូត្ររបស់កុមារជាង ៥០០ នាក់ នៅក្នុងភូមិចំនួន ៥ ជារៀងរាល់ឆ្នាំ រួមទាំងអ្នកដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែននាពេលថ្មីៗនេះ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការសិក្សា និងអនាគតរបស់ពួកគេ។

គំនិតផ្តួចផ្តើមនេះឆ្លុះបញ្ចាំងពីភាពជាដៃគូដ៏រឹងមាំរវាងអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា អង្គការអាក់សិន អេឌូខេសិន ក្រសួងអប់រំ យុវជន និងកីឡា រដ្ឋបាលខេត្ត និងមន្ទីរអប់រំខេត្ត ដោយមានគោលដៅរួមគ្នាក្នុងការលើកកម្ពស់លទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព និងបរិយាបន្នសម្រាប់កុមារគ្រប់រូប ជាពិសេសកុមារងាយរងគ្រោះបំផុត។

ពិធីសម្ពោធនេះ មានការអញ្ជើញចូលរួមពីលោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អភិបាលខេត្ត ប្រធានមន្ទីរអប់រំខេត្ត ដៃគូអភិវឌ្ឍន៍ អាជ្ញាធរ មូលដ្ឋាន លោកគ្រូ អ្នកគ្រូ មាតាបិតា និងសិស្សានុសិស្ស ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះ។


តាមរយៈអាគារសិក្សាទាំងនេះនឹងផ្តល់កន្លែងសិក្សាប្រកបដោយសុវត្ថិភាព ងាយស្រួលដល់កុមារ និងមានភាពធន់សម្រាប់កុមារដែលប្រឈមមុខនឹងការរំខានដោយសារតែការផ្លាស់ទីលំនៅ និងអស្ថិរភាព។ គម្រោងនេះ ក៏បានបំពាក់អគារសិក្សាជាមួយនឹងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ និងបង្គន់អនាម័យ ធានាឱ្យមានចរន្តអគ្គិសនីប្រើប្រាស់ និងលើកកម្ពស់អនាម័យសម្រាប់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូផងដែរ។ សាលារៀនត្រូវបានគេរំពឹងថា នឹងជួយបង្កើនអត្រាចុះឈ្មោះចូល កាត់បន្ថយអត្រាបោះបង់ការសិក្សា និងបង្កើនលទ្ធផលសិក្សានៅក្នុងសហគមន៍ដែលខ្វះខាត។

លោក ជេនេស អ៉ីម៉ានូអ៊ែល ហ្គីនទីញ នាយកប្រចាំប្រទេសអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផលជះវិជ្ជមានសម្រាប់ អ្នកដែលងាយរងគ្រោះបំផុត៖ “អគារសិក្សាទាំងនេះ ដែលមានទីតាំងនៅតំបន់ដាច់ស្រយាល និងពិបាកទៅដល់ គឺជាខ្សែជីវិតសម្រាប់កុមារ។ រួមគ្នាជាមួយដៃគូរបស់យើង យើងធានាថាកុមារគ្រប់រូបមានកន្លែងសុវត្ថិភាពក្នុងការសិក្សាររៀនសូត្រ ការស្តារឡើងវិញ និងការកសាងអនាគតកាន់តែប្រសើរ។ នេះមិនត្រឹមតែជាការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងក្តីសង្ឃឹម ភាពធន់ និងការផ្លាស់ប្រែជីវិត”។

លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានលើកឡើងពីសារៈសំខាន់នៃកិច្ចអន្តរាគមន៍ដល់សហគមន៍ដែលរងផលប៉ះពាល់៖ “សម្រាប់កុមារ និងគ្រួសារនៅតំបន់ដាច់ស្រយាល និងរងផលប៉ះពាល់ដោយសារជម្លោះព្រំដែន លទ្ធភាពទទួលបានការអប់រំមានសារៈសំខាន់សម្រាប់ការស្តារឡើងវិញ និងការអភិវឌ្ឍរយៈពេលវែង។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហការដ៏រឹងមាំរវាងក្រសួងអប់រំ និងដៃគូអភិវឌ្ឍន៍របស់យើងក្នុងការធ្វើឱ្យសាលារៀនថ្មីទាំងនេះក្លាយជាការពិតសម្រាប់សហគមន៍របស់យើង”។

លោក វន សំភាស់ នាយកប្រចាំប្រទេសនៃអង្គការអាក់សិន អេឌូខេសិនប្រចាំប្រទេសកម្ពុជា បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នា៖ “សាលារៀនទាំងនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមរវាងអង្គការអាក់សិន អេឌូខេសិន អង្គការទស្សនៈពិភពលោក និងរដ្ឋាភិបាលកម្ពុជា។ ភាពជាដៃគូនេះបង្ហាញពីរបៀបដែលយើងអាចឆ្លើយតបដោយប្រសិទ្ធភាពចំពោះតម្រូវការរបស់កុមារក្នុងបរិបទដែលមានបញ្ហាប្រឈម។ តាមរយៈការសាងសង់សាលារៀននៅតំបន់ដាច់ស្រយាល យើងកំពុងជួយធានាឱ្យមានការបន្តនៃការសិក្សា និងការលើកកម្ពស់ការអប់រំប្រកបដោយបរិយាបន្នសម្រាប់ទាំងអស់គ្នា”។

ការសាងសង់សាលារៀននេះ ជាផ្នែកមួយនៃគម្រោងដៃគូរួមគ្នាផ្តល់ឱកាសដល់កុមារបាត់បង់ឱកាសនៅកម្ពុជាដែលគាំទ្រការធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានការអប់រំ លើកកម្ពស់សមត្ថភាព គ្រូបង្រៀន និងការចូលរួមរបស់សហគមន៍នៅទូទាំងខេត្តជាច្រើន។ គំនិតផ្តួចផ្តើមនេះស្របតាមអាទិភាពវិស័យអប់រំជាតិរបស់កម្ពុជា រួមទាំងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ និងផែនការយុទ្ធសាស្ត្រអប់រំ ដោយពង្រឹងការប្តេជ្ញាចិត្តរួមក្នុងការពង្រឹងប្រព័ន្ធអប់រំប្រកបដោយបរិយាបន្ន និងមានភាពធន់៕


Khcct banner

អត្ថបទទាក់ទង