ភ្នំពេញ៖ អង្គការយូណេស្កូ រៀបចំកម្មវិធីប្រកួត ស្តីពីកិច្ចសន្ទនារបស់យុវជន ទៅលើគោលនយោបាយសាធារណៈ សម្រាប់អភិវឌ្ឍសកល ឆ្នាំ២០២៦។ កម្មវិធីនេះ ផ្តល់ឱកាសឱ្យយុវជនស្នើសុំគម្រោងរបស់ខ្លួនទាក់ទងនឹងគោលនយោបាយសាធារណៈ។ ក្នុងឆ្នាំ២០២៦ កម្មវិធីនឹងផ្តោតលើប្រធានបទ “ការអភិរក្សភាពចម្រុះនៃវប្បធម៌ - Preserving Cultural Diversity” ដែលវគ្គផ្តាច់ព្រ័ត្រនឹងប្រារព្ធទៅនៅសាកលវិទ្យាល័យ Renmin University of China នៃប្រទេសចិន។
យោងតាមគេហទំព័រផ្លូវការនៃអង្គការ យូណេស្កូ កម្មវិធីផ្តល់ឱកាសឱ្យយុវជនវ័យក្មេង សិស្សនិស្សិត ដែលបេក្ខជនអាចចូលប្រកួតតែម្នាក់ឯង ឬជាក្រុមដែលមានសមាជិកយ៉ាងច្រើន ៥នាក់ និងជាយុវជនដែលមានចំណាប់អារម្មណ៍លើ ការសិក្សា វិភាគ និងបង្កើតគោលនយោបាយសាធារណៈ។ បេក្ខជនអាចដាក់ស្នើគម្រោងស្រាវជ្រាវដែលទាក់ទងនឹងបញ្ហាសកល និងដំណោះស្រាយដែលអាចធ្វើទៅបានប្រកបដោយភាពច្នៃប្រឌិត និងមានឥទ្ធពល។ ការស្រាវជ្រាវមានលក្ខណៈឯករាជ្យ និងសេរី និងទាក់ទងទៅនឹងប្រធានបទ។ ទម្រង់នៃគម្រោង ត្រូវតែមានរចនាសម្ព័ន្ធត្រឹមត្រូវ ហើយសំណើរទាំងមូលមិនលើសពី ៧០០០ ពាក្យ។
បើតាមប្រភពដដែល ប្រសិនបើសំណើរបេក្ខជនត្រូវបានជ្រើសរើស បេក្ខជននឹងមានឱកាសទៅធ្វើបទបង្ហាញអំពីគម្រោងដែលដាក់ស្នើ ចុះកម្មសិក្សា និងប្រកួតនៅប្រទេសចិន ដែលរាល់ថ្លៃចំណាយដូចជា ការធ្វើដំណើរ និងការចំណាយនានាទាក់ទងនឹងកម្មវិធី នឹងត្រូវបង់ថ្លៃដោយកម្មវិធី។ លើសពីនេះ គម្រោងនឹងត្រូវបានដាក់ផ្សាយជាអន្តរជាតិ ។ លើសពីនេះ បេក្ខជននឹងទទួលបានរង្វាន់នានា និងជាពិសេសគឺលិខិតអនុសាសន៍ពីអង្គការ សហប្រជាជាតិ។
គួរបញ្ជាក់ថា បេក្ខជនដែលមានចំណាប់អារម្មណ៍អាចដាក់ស្នើគម្រោងរបស់ខ្លួន ទៅកាន់ Email: [email protected] ឱ្យបានត្រឹមថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦។ កម្មវិធីនេះ ជាវេទិកាសកលមួយដែលមានស្វិតស្វាញ និងប្រកួតប្រជែងខ្លាំង។