ថៃ៖ កម្លាំងនគរបាលអន្តោប្រវេសន៍ថៃ កាលពីថ្ងៃទី ២៤ ខែមីនា បានចុះឆ្មក់ឆែកឆេរវីឡាប្រណីតមួយកន្លែងក្នុងស្រុកបាងឡាមួងខេត្តឈុនបុរី បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ថា ទីតាំងនោះត្រូវបានប្រើប្រាស់ជាមូលដ្ឋានសម្រាប់ប្រតិបត្តិការល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិតខុសច្បាប់ដ៏ធំមួយ។
តាមសេចក្ដីរាយការណ៍របស់កាសែត The Nation ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចថៃបានឃាត់ខ្លួនជនជាតិឥណ្ឌាចំនួន ២៥ នាក់ ដែលមានការបែងចែកតួនាទីគ្នាយ៉ាងមានរបៀបរៀបរយដូចជា ផ្នែកទីផ្សារ ផ្នែកបញ្ជីការ និងផ្នែកបម្រើអតិថិជន។ ដើម្បីជៀសវាងការចាប់អារម្មណ៍ពីអ្នកជិតខាង ក្រុមនេះបានកែច្នៃយានដ្ឋានឱ្យទៅជាការិយាល័យបិទជិត បិទបាំងដោយតង់កៅស៊ូ និងមានត្រៀមគ្រឿងឧបភោគបរិភោគទុកជាស្រេច ដើម្បីកាត់បន្ថយការចេញក្រៅ និងបិទបាំងសកម្មភាពសង្ស័យ។
ក្នុងប្រតិបត្តិការនេះប៉ូលីសថៃបានរកឃើញវត្ថុតាងជាច្រើនរួមមាន កុំព្យូទ័រ និងទូរស័ព្ទជាង ៨០ គ្រឿង ដោយបណ្តាញក្រុមឆបោកនេះមានទំនាក់ទំនងជាមួយគេហទំព័រល្បែងធំៗចំនួន ៣ ដោយមានលំហូរប្រាក់ប្រចាំថ្ងៃប្រមាណ ៥,៦ លានរូពី (ប្រហែល ៦៧,០០០ ដុល្លារ) ឬស្មើនឹងប្រមាណ ៧០០ លានបាត (ជាង ២១ លានដុល្លារ) ក្នុងមួយឆ្នាំ។
ប៉ូលីសថៃបានបញ្ជាក់ទៀតថាជនសង្ស័យទាំងអស់ត្រូវបានរកឃើញថា បានលួចធ្វើការខុសច្បាប់ក្រោមទិដ្ឋាការទេសចរណ៍ ហើយបច្ចុប្បន្នត្រូវបានបញ្ជូនទៅកាន់ស្ថានីយ៍ប៉ូលីស Nong Prue ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ទន្ទឹមនឹងនេះ អាជ្ញាធរថៃកំពុងបន្តការស៊ើបអង្កេតយ៉ាងហ្មត់ចត់ ដើម្បីស្វែងរកមេខ្លោងដែលនៅពីក្រោយខ្នង ទាំងជនជាតិថៃ និងជនបរទេសផ្សេងទៀត ដែលពាក់ព័ន្ធនឹងបណ្តាញល្បែងស៊ីសងឆ្លងដែននេះ៕