ភ្នំពេញ៖ អង្គការពន្លកយុវជនដើម្បីការអភិវឌ្ឍន៍(YAD) ផ្តល់កន្លែងស្នាក់នៅដោយឥតគិតថ្លៃដល់សិស្សនិស្សិតមកពីបណ្តាខេត្តដែលចង់បន្តការសិក្សានៅទីក្រុងភ្នំពេញ។ អាហារូបករណ៍នេះ ផ្តល់ឱ្យក្នុងគោលបំណងគាំទ្រដល់សិស្សនិស្សិតដែលមានឆន្ទៈខ្ពស់ មានភាពអត់ធ្មត់ ខិតខំសិក្សា និងជាពិសេសសម្រាប់សិស្សដែលមានជីវភាពខ្វះខាត។
យោងតាមគេហទំព័រផ្លូវការនៃ(YAD) អាហារូបករណ៍នេះមានផ្តល់ឱ្យនូវកន្លែងស្នាក់នៅដោយឥតគិតថ្លៃប្រកបដោយសុវត្ថិភាព និងផាសុកភាព។ លើសពីកន្លែងស្នាក់នៅ សិស្សដែលស្នាក់នៅទីនោះ នឹងទទួលបានការបណ្តុះបណ្តាលទាក់ទងនឹងភាពជាអ្នកដឹកនាំ និងបំណិនជីវិតផងដែរ។ សិស្ស ក៏នឹងទទួលបានវគ្គបំប៉នជំនាញបន្ថែម ឱកាសទទួលបានបទពិសោធន៍ការងារជាក់ស្តែង បង្កើតបណ្តាញ និងជំនាញជាមួយសិស្សរស់នៅក្នុងកន្លែងស្នាក់នៅ ព្រមទាំងឱកាសចូលរួមការងារសង្គមនានា។
បើតាមប្រភពដដែល អាហារូបករណ៍នេះផ្តល់សម្រាប់សិស្សានុសិស្សដែលកំពុងសិក្សានៅក្នុងថ្នាក់ទី១២ ឬជានិស្សិតដែលកំពុងសិក្សានៅឆ្នាំទី១ ឬនិស្សិតត្រៀមចូលឆ្នាំទី២ ដែលមកពីបណ្តាខេត្តទូទាំងប្រទេសកម្ពុជា ព្រមទាំងមានចក្ខុវិស័យវែងឆ្ងាយសម្រាប់អនាគតរបស់ខ្លួន។ សិស្សត្រូវមានឆន្ទៈចូលរួមសកម្មភាពស្ម័គ្រចិត្ត និងសកម្មភាពសង្គម។ អាហារូបករណ៍នេះ ផ្តល់ពិសេសសម្រាប់សិស្សានុសិស្សដែលមានជីវភាពខ្វះខាតក្នុងការបន្តការសិក្សា។
បើសិនជាបេក្ខជនមានចំណាប់អារម្មណ៍ អាចដាក់ពាក្យតាម តំណភ្ជាប់ ដោយភ្ជាប់មជាមួយឯកសារដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ រូបថតជាមួយអាណាព្យាបាល នៅមុខផ្ទះរបស់ខ្លួន។ អាហារូបករណ៍ នេះនឹងបិទទទួលពាក្យនៅពេលទទួលបានបេក្ខជនគ្រប់ចំនួន៕