ក្រុងម៉ានីល៖ នាវាដឹកប្រេងដែលមានទង់ជាតិសៀរ៉ាលេអូនឈ្មោះ Sara Sky បានដឹកប្រេងឆៅប្រភេទ ESPO Blend របស់រុស្ស៊ីប្រមាណ ១០០,០០០ តោន ចូលចតនៅឈូងសមុទ្រម៉ានីលកាលពីថ្ងៃចន្ទ។ នេះគឺជាការបញ្ជាទិញប្រេងពីរុស្ស៊ីជាលើកដំបូងក្នុងរយៈពេល ៥ ឆ្នាំ ខណៈដែលប្រទេសនេះកំពុងប្រឈមនឹងការខ្វះខាតថាមពល។
តាមការរាយការណ៍ពីកាសែត The Moscow Times ការដឹកនេះស្របពេលដែលលោកប្រធានាធិបតីហ្វិលីពីន Ferdinand Marcos Jr បានសម្រេចប្រកាសដាក់ប្រទេសហ្វីលីពីនក្នុងស្ថានភាពអាសន្នផ្នែកថាមពលថ្នាក់ជាតិរយៈពេលមួយឆ្នាំ ដើម្បីឆ្លើយតបទៅនឹងវិបត្តិជម្លោះនៅមជ្ឈិមបូព៌ា ដែលកំពុងគំរាមកំហែងដល់សន្តិសុខស្បៀង និងការផ្គត់ផ្គង់ប្រេងឥន្ធនៈក្នុងស្រុក។
ទោះបីជាមានវិធានការណ៍បន្ទាន់ពីរដ្ឋាភិបាលក្នុងការសម្របសម្រួលតម្លៃទំនិញ និងស្ថិរភាពប្រាក់ប៉េសូយ៉ាងណាក្តី ក្រុមសហជីពដឹកជញ្ជូន អ្នកធ្វើដំណើរ និងសមាគមអ្នកប្រើប្រាស់ នៅតែគ្រោងធ្វើកូដកម្មរយៈពេលពីរថ្ងៃចាប់ពីថ្ងៃព្រហស្បតិ៍នេះតទៅ ដើម្បីប្រឆាំងនឹងការឡើងថ្លៃប្រេងឥន្ធនៈ និងការរិះគន់លើរដ្ឋាភិបាលថាមានចំណាត់ការយឺតយ៉ាវក្នុងការដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ចដែលកំពុងដាក់សម្ពាធលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។