Img 1426
Swift cc time

អាហារូបករណ៍រដ្ឋាភិបាលឥណ្ឌូនេស៊ី នឹងបើកទទួលពាក្យដល់ថ្ងៃទី៣១ ខែមីនា

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ អាហារូបករណ៍ Kemitraan Negara Berkembang (KNB) គឺជាអាហារូបករណ៍របស់រដ្ឋាភិបាលឥណ្ឌូណេស៊ី ដែលផ្តល់ឱ្យសម្រាប់និស្សិតអន្តរជាតិមកពីប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានបំណងចង់ទៅបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសឥណ្ឌូណេស៊ី។អាហារូបករណ៍នេះ នឹងផុតកំណត់ទទួលពាក្យនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។

យោងតាមគេហទំព័រផ្លូវការរបស់អាហារូបករណ៍ KNB អាហារូបករណ៍នេះផ្តល់ជូនការសិក្សា ថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងថ្នាក់បណ្ឌិត។ សម្រាប់ថ្នាក់បរិញ្ញាបត្របេក្ខជន ត្រូវមានមិនលើសពី២១ឆ្នាំ និងមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ព្រមទាំងមានពិន្ទុតេស្តភាសាអង់គ្លេស TOEFL ITP ៤៧៧, TOEFL IBT ៥៣, IELTS ៥,៥, TOEIC ៥១០ ឬសមមូល ។ ចំពោះថ្នាក់អនុបណ្ឌិត បេក្ខជនត្រូវមានអាយុមិនលើសពី៣៥ឆ្នាំ មានសញ្ញាបត្របរិញ្ញាបត្រ និងមានតេស្តភាសាអង់គ្លេស TOEFL ITP ៥០០, TOEFL IBT ៦១, IELTS ៦,០, TOEIC ៥៧៥ ឬសមមូល។ ជាចុងក្រោយចំពោះបេក្ខជន ជ្រើសរើសថ្នាក់បណ្ឌិតមិនត្រូវមានអាយុលើសពី ៤០ឆ្នាំ មានសញ្ញាបត្រអនុបណ្ឌិត និងមានពិន្ទុតេស្តភាសាអង់គ្លេស TOEFL ITP 530, TOEFL IBT 71, IELTS 6.0, TOEIC 640 ឬសមមូល។

បេក្ខជនត្រូវធ្វើវីដេអូខ្លីជាភាសាអង់គ្លេសរយៈពេលតិចបំផុត ៥នាទី ដែលពន្យល់ពីប្រវត្តិរូបសង្ខេប មូលហេតុនៃការជ្រើសរើសអាហារូបករណ៍មួយនេះ និងការជ្រើសរើសសាលា និងកម្មវិធីសិក្សាដែលខ្លួនបានជ្រើសរើស។ បេក្ខជនមិនត្រូវរៀបការឬភ្ជាប់ពាក្យជាមួយបុគ្គលដែលមានសញ្ជាតិ ឬកាន់សញ្ជាតិឥណ្ឌូនេស៊ី ឬជាមួយនិងអ្នកទទួលបានអាហារូបករណ៍ផ្សេងទៀតទេ។

បើតាមប្រភពដដែល បេក្ខជនត្រូវឆ្លងកាត់ដំណាក់កាលបំពេញពាក្យតាមអ៊ីនធឺណេត ដើម្បីទាញយកពាក្យ បន្ទាប់មកទាក់ទងទៅកាន់ស្ថានទូតឥណ្ឌូនេស៊ី ដើម្បីសុំលិខិតអនុសាសន៍ពីស្ថានទូត។ បេក្ខជនត្រូវមានឯកសារភ្ជាប់ដើម្បីដាក់ពាក្យដូចជា លិខិតផ្តល់ជូនអាហារូបករណ៍ លិខិតឆ្លងដែន ប្រវត្តិរូបសង្ខេប តេស្តជំនាញភាសាអង់គ្លេស លិខិតអនុសាសន៍ពីនិយោជក សាលា វិញ្ញាបនបត្រ និងព្រឹត្តិបត្រពិន្ទុ របាយការណ៍ពិនិត្យសុខភាព លិខិតអនុសាស្ត្រពីសាកលវិទ្យាល័យដៃគូ និងសេចក្តីថ្លែងការផ្ទាល់ខ្លួន។

គួរបញ្ជាក់ថា អាហារូបករណ៍នេះនឹងគ្រប់ដណ្តប់លើថ្លៃសិក្សា ការចំណាយប្រចាំខែ ប្រាក់សម្រាប់ថ្លៃហោះហើរ ប្រាក់ឧបត្ថម្ភសម្រាប់ការសិក្សា(សៀវភៅ ការស្រាវជ្រាវ និងការបោះពុម្ភផ្សាយអត្ថបទ) ការធានារ៉ាប់រងសុខភាពប្រចាំខែ និងតម្រូវការមួយចំនួនទៀត ទៅតាមលក្ខខណ្ឌរបស់អាហារូបករណ៍។ បេក្ខជនអាចចូលទៅអានព័ត៌មានបន្ថែម និងដាក់ពាក្យតាម តំណភ្ជាប់ ឱ្យបានត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦៕


Khcct banner

អត្ថបទទាក់ទង