Img 1426
Swift cc time

ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យមន្ត្រីមួយចំនួនអាច«ធ្វើការអនឡាញ»ពីផ្ទះ លើកលែងតែអង្គភាពចាំបាច់មួយចំនួន

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ដើម្បីកាត់បន្ថយការចំណាយលើប្រេងឥន្ធនៈ ក្រសួងមហាផ្ទៃ បានសម្រេចអនុញ្ញាតឱ្យមន្ត្រីមួយចំនួនធ្វើការពីផ្ទះ (WFH) តាមរយៈប្រព័ន្ធអនឡាញ ប៉ុន្តែវិធានការនេះមិនអនុវត្តចំពោះអង្គភាពចាំបាច់ និងកម្លាំងនគរបាលជាតិដែលត្រូវប្រចាំការផ្ទាល់ ដើម្បីបម្រើសេវាសាធារណៈនោះទេ។

ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤មីនានេះ បានចេញសេចក្ដីណែនាំដល់អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋាន អង្គភាពចំណុះក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចូលរួមអនុវត្តនូវវិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ និងអគ្គិសនី។

១៖ វិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ

- អគ្គស្នងការដ្ឋាននគរបាលជាតិ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ត្រូវមានផែនការក្នុងការរៀបចំវិធានការសមស្រប និងច្នៃប្រឌិតដើម្បីសម្រួលចរាចរណ៍ ក្នុងអំឡុងម៉ោងកកស្ទះ នៅតាមទីប្រជុំជន និងក្នុងឱកាសប្រារព្ធពិធីបុណ្យជាតិធំៗដើម្បីជៀសវាងការកកស្ទះចរាចរណ៍ដែលតម្រូវឱ្យមានការចំណាយប្រេងឥន្ទនៈច្រើន

- គ្រប់អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានគម្រោងនឹងរៀបចំសិក្ខាសាលា ឬកិច្ចប្រជុំនានា ត្រូវពិនិត្យលទ្ធភាពកាត់បន្ថយការប្រជុំដោយផ្ទាល់ទៅប្រជុំតាមប្រព័ន្ធអនឡាញ កាត់បន្ថយកិច្ចប្រជុំ ឬសិក្ខាសាលាដែលត្រូវធ្វើដំណើរឆ្ងាយ និងកាត់បន្ថយការទៅប្រជុំនៅបរទេស

- ត្រូវធ្វើជំរឿនយានយន្តរបស់រដ្ឋ និងការប្រើប្រាស់ ដោយត្រួតពិនិត្យ និងវាយតម្លៃឡើងវិញនូវរាល់បេសកកម្ម ដែលប្រើប្រាស់យានយន្តរដ្ឋ ក្នុងនោះបេសកកម្មមិនចាំបាច់

- ត្រូវផ្អាក ឬបញ្ចូលគ្នាដើម្បីសន្សំសំចៃប្រេងឥន្ធនៈ រាល់បេសកកម្មដែលមានគោលដៅ និងពេលវេលាស្របគ្នា

- ត្រូវប្រើប្រាស់មធ្យោបាយធ្វើដំណើររួមគ្នា និងជ្រើសរើសមធ្យោបាយដែលប្រើប្រាស់ប្រេងឥន្ធនៈ ឬមិនប្រើប្រាស់ប្រេងឥន្ធនៈ

- លើកទឹកចិត្តមន្ត្រីរាជការ និងប្រជាពលរដ្ឋឱ្យប្រើប្រាស់រថយន្តក្រុងសាធារណៈឱ្យបានច្រើន ដើម្បីចូលរួមកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ

- ពិចារណាកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ៥០% ក្នុងរយៈពេល២ខែ ចាប់ពីទទួលបានសេចក្ដីណែនាំនេះ។

២៖ ការរៀបចំមន្ត្រីមកបំពេញការងារ

- ថ្នាក់ដឹកនាំគ្រប់អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវរៀបចំកាលវិភាគបែងចែកកម្លាំងមន្ត្រីរាជការមកបំពេញការងារតាមចំនួនចាំបាច់ នៃមន្ត្រីរាជការសរុប និងអនុញ្ញាតឱ្យមន្ត្រីរាជការមួយចំនួនទៀត បំពេញការងារតាមអនឡាញពីផ្ទះ លើកលែងអង្គភាពចាំបាច់មួយចំនួន ជាអាទិ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋានពន្ធនាគារ អគ្គនាយកដ្ឋានរដ្ឋបាល

- ចំពោះមន្ត្រីរាជការដែលមកបំពេញការងារផ្ទាល់ ថ្នាក់ដឹកនាំគ្រប់អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវពិនិត្យលទ្ធភាពរៀបចំកន្លែងបំពេញការងាររួមគ្នា ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី

- ត្រូវកំណត់មន្ត្រីបង្គោល ឬមន្ត្រីចាំបាច់ ដែលត្រូវតែមានវត្តមានជាប្រចាំ ដើម្បីធានាមិនឱ្យមានការរាំងស្ទះដល់ចរន្តការងាររដ្ឋបាលប្រចាំថ្ងៃ។

៣៖ វិធានការសន្សំសំចៃលើការប្រើប្រាស់អគ្គិសនី

- ត្រូវកំណត់សីតុណ្ហភាពម៉ាស៊ីនត្រជាក់នៅកម្រិត ២៥ °C និងត្រូវបិទម៉ាស៊ីនត្រជាក់មុនពេលចេញពីធ្វើការយ៉ាងតិច ១៥នាទី

- ត្រូវបិទភ្លើង បិទម៉ាស៊ីនត្រជាក់ និងបរិក្ខារអគ្គិសនីទាំងអស់នៅក្នុងបន្ទប់ដែលមិនមានមនុស្សរង់ចាំ ឬមិនប្រើប្រាស់

- បើកវាំងនន ឬបង្អួចការិយាល័យ ដើម្បីប្រើប្រាស់ពន្លឺ និងខ្យល់ធម្មជាតិក្នុងកម្រិតដែលអាចធ្វើទៅបាន

- អនុវត្តវិធានការចាំបាច់ផ្សេងៗទៀតតាមការណែនាំរបស់ក្រសួងរ៉ែ និងថាមពល។

៤៖ ករណីលើកលែងចំពោះប្រតិបត្តិការផ្សេងៗ

- វិធានការខាងលើនេះ មិនត្រូវរារាំង ឬធ្វើឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពការងារចាំបាច់ ប៉ុន្តែក៏ត្រូវឈរលើស្មារតីសន្សំសំចៃ ដូចខាងក្រោម៖

- កម្លាំងអន្តរាគមន៍សង្គ្រោះបន្ទាន់

- កិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសនានា

- ការការពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ឬគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសជាមិត្ត៕

Khcct banner

អត្ថបទទាក់ទង