ភ្នំពេញ៖ អង្គការសេរីភាពកម្ពុជាអូស្រ្តាលី(AusCam) បានដាក់ឱ្យប្រើប្រាស់កុំព្យូទ័រដោយឥតគិតថ្លៃសម្រាប់សិស្ស និងនិស្សិតស្រី។ ការដាក់ឱ្យប្រើប្រាស់នឹងចាប់ផ្តើមក្នុងខែមេសា ក្នុងគោលបំណងផ្តល់នូវបរិយកាសសិក្សាល្អមួយសម្រាប់ក្មេងស្រីសិក្សាស្រាវជ្រាវ និងផ្តល់ឱកាសឱ្យក្មេងស្រីកសាងសមត្ថភាព និងទំនុកចិត្តលើវេទិកាឌីជីថល តាមរយៈការសិក្សាដោយខ្លួនឯង និងការណែនាំ។
យោងតាមគេហទំព័រនៃAusCam កន្លែងសិក្សា និងប្រើប្រាស់កុំព្យូទ័រដោយឥតគិតថ្លៃនេះផ្តល់ឱកាសឱ្យក្មេងស្រី ឬនិស្សិតស្រីដែលកំពុងសិក្សានៅក្នុងថ្នាក់វិទ្យាល័យនិងសាកលវិទ្យាល័យ ដែលមានបំណងប្រើប្រាស់សម្រាប់កិច្ចការស្រាវជ្រាវ និងធ្វើកិច្ចការសាលាផ្សេងៗ។ មួយវិញទៀត ចំពោះការទៅប្រើប្រាស់ទីកន្លែងតម្រូវឱ្យមានការផ្តល់ដំណឹងជាមុន និងមានទំនួលខុសត្រូវលើការប្រើប្រាស់។ បន្ថែមពីនេះ សិស្សដែលជាកុមារី ឬយុវតី Safe Sister ឬជាសិស្សអាហារូបករណ៍នៃអង្គការ AusCam ត្រូវបានលើកទឹកចិត្តឱ្យចូលរួម។
គួរបញ្ជាក់ផងដែរថា គម្រោងនេះនឹងបើកដំណើរការនៅក្នុងខែមេសា ហើយសិស្សអាចចូលទៅប្រើប្រាស់បាននៅរៀងរាល់ថ្ងៃច័ន្ទ ដល់សុក្រចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង៤ល្ងាច នៅការិយាល័យអង្គការ AusCam ។ សិស្ស និងនិស្សិតនារីដែលមានចំណាប់អារម្មណ៍អាចចូលទៅកាន់ តំណភ្ជាប់ ដើម្បីចុះឈ្មោះប្រើប្រាស់កុំព្យូទ័រ៕