អាម៉េរិក៖លោក Leonid Radvinsky គឺជាមហាសេដ្ឋីលាក់មុខ ដែលជាអ្នកទិញយកវេទិកាមាតិកាមនុស្សពេញវ័យ OnlyFans និង បានផ្លាស់ប្តូរវាឱ្យទៅជាអាណាចក្រអាជីវកម្មរជាច្រើនប៊ីលានដុល្លារ បានទទួលមរណភាពក្នុងវ័យ៤៣ ឆ្នាំ ដោយសារជំងឺមហារីក។
លោក Radvinsky កើតនៅឆ្នាំ ១៩៨២ នៅទីក្រុង Odessa ប្រទេសអ៊ុយក្រែន ហើយធំធាត់នៅទីក្រុង Chicago អាម៉េរិក។លោក បានទិញភាគហ៊ុនចំនួន ៧៥% នៃក្រុមហ៊ុន Fenix International ជាក្រុមហ៊ុនមេរបស់ OnlyFans កាលពីឆ្នាំ ២០១៨ និង បានដឹកនាំវេទិកានេះឱ្យទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្លា ជាពិសេស ក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ រហូតមានអ្នកប្រើប្រាស់កើនឡើងដល់ ៣៧៧ លាននាក់ និង អ្នកបង្កើតមាតិកាជាង ៤,៦ លាននាក់នៅទូទាំងពិភពលោក។
យោងតាមទិន្នន័យពីសន្ទស្សន៍មហាសេដ្ឋី Bloomberg លោក Radvinsky មានទ្រព្យសម្បត្តិសរុបប្រហែល ៣,៨ ប៊ីលានដុល្លារ គិតត្រឹមខែឧសភា ឆ្នាំមុន ខណៈក្រុមហ៊ុនរបស់លោកអាចរកចំណូលសុទ្ធបានរហូតដល់ ១,៤ ប៊ីលានដុល្លារ ក្នុងឆ្នាំ ២០២៤។
ក្រៅពីភាពជោគជ័យក្នុងអាណាចក្រ OnlyFans លោកក៏ជាស្ថាបនិកមូលនិធិវិនិយោគលើវិស័យបច្ចេកវិទ្យា និងជាសប្បុរសជនម្នាក់ដែលបានជួយជ្រោមជ្រែងយ៉ាងខ្លាំងដល់ការស្រាវជ្រាវជំងឺមហារីក និងគម្រោងបច្ចេកវិទ្យាបើកចំហ (Open Source) ។លោក Radvinsky ត្រូវបានគេស្គាល់ថា ជាមនុស្សចូលចិត្តភាពឯកជន ហើយកម្របង្ហាញខ្លួនជាសាធារណៈណាស់។
OnlyFans គឺជាវេទិកាបច្ចេកវិទ្យាមួយដែលអនុញ្ញាតឱ្យ «អ្នកបង្កើតមាតិកា» (Creators) អាចរកចំណូលបានដោយផ្ទាល់ពី «អ្នកគាំទ្រ» របស់ពួកគេ។ វាដំណើរការតាមប្រព័ន្ធ ការបង់ប្រាក់ជាប្រចាំខែ (Subscription) ដើម្បីមើលមាតិកាដែលអ្នកដទៃមិនអាចមើលឃើញជាសាធារណៈ។