សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung នៅថ្ងៃទី២៤ ខែមីនានេះ បានអំពាវនាវឱ្យមានយុទ្ធនាការសន្សំសំចៃថាមពលទូទាំងប្រទេស ដើម្បីឆ្លើយតបទៅនឹងហានិភ័យនៃការរអាក់រអួលការផ្គត់ផ្គង់ប្រេង និងឧស្ម័ន ដែលបង្កឡើងដោយជម្លោះរវាងសហរដ្ឋអាម៉េរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់។ក្នុងវិធានការបន្ទាន់នេះ ស្ថាប័នសាធារណៈទាំងអស់ត្រូវបានបង្គាប់ឱ្យកាត់បន្ថយការប្រើប្រាស់រថយន្តផ្ទាល់ខ្លួន ខណៈរដ្ឋាភិបាលគ្រោងបញ្ចេញកញ្ចប់ថវិកាសង្គ្រោះចំនួន ២៥ ទ្រីលានវ៉ុន (ប្រហែល ១៦,៦ ប៊ីលានដុល្លារ) ដើម្បីជួយដល់អ្នកប្រើប្រាស់ និងក្រុមហ៊ុននានា។
យោងតាមការរាយការណ៍របស់សារព័ត៌មាន CNA រដ្ឋមន្ត្រីក្រសួងថាមពល លោក Kim Sung-whan បានបញ្ជាក់ពីផែនការដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន ៥ ឡើងវិញនៅខែឧសភា និងការពង្រីកថាមពលកកើតឡើងវិញ ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូលឧស្ម័នធម្មជាតិ (LNG) ក្នុងរយៈពេលវែង។
ក្រុមអ្នកវិភាគបានព្រមានថា ទោះបីជាកូរ៉េខាងត្បូងមានប្រេងបម្រុងប្រហែល ១៩០ លានបារ៉ែល ដែលតាមស្ដង់ដារភ្នាក់ងារថាមពលអន្តរជាតិ (IEA) អាចប្រើប្រាស់បាន ២០៨ ថ្ងៃក៏ដោយ ប៉ុន្តែរយៈពេលទ្រទ្រង់ជាក់ស្ដែងអាចនឹង មិនដល់ ២ ខែឡើយ។ ការព្រមាននេះធ្វើឡើងដោយផ្អែកលើអត្រាប្រើប្រាស់ប្រចាំថ្ងៃចំនួន ២,៩ លានបារ៉ែល និងតម្រូវការក្នុងវិស័យនាំចេញគីមីឥន្ធនៈ ដែលមិនទាន់បានរាប់បញ្ចូលក្នុងការព្យាករណ៍។
បច្ចុប្បន្ន ការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz ដែលជាផ្លូវនាំចូលប្រេងឆៅដល់ទៅ ៧០% របស់កូរ៉េខាងត្បូង កំពុងស្ថិតក្នុងស្ថានភាពជាប់គាំងស្ទើរតែទាំងស្រុង។ បើទោះបីជាសហអារ៉ាប់រួម (UAE) បានសន្យាផ្គត់ផ្គង់ប្រេងចំនួន ២៤ លានបារ៉ែលបន្ថែមមែន ប៉ុន្តែពេលវេលានៃការដឹកជញ្ជូននៅតែមិនទាន់ច្បាស់លាស់ ដែលធ្វើឱ្យកូរ៉េខាងត្បូងត្រូវបង្ខំចិត្តចាត់វិធានការតឹងរ៉ឹងបំផុត ដើម្បីធានាសន្តិសុខថាមពលជាតិ។