វៀតណាម៖ រដ្ឋបាលក្រុងហូជីមិញ ប្រទេសវៀតណាម បានប្រកាសផែនការពង្រីកបណ្ដាញផ្លូវសម្រាប់ជិះកង់បន្ថែមទៀតនៅតាមបណ្តោយមហាវិថី Mai Chi Tho ដែលគ្រោងនឹងចាប់ផ្ដើមសាងសង់នៅត្រីមាសទី២ ឆ្នាំ២០២៦ ខាងមុខនេះ បន្ទាប់ពីគម្រោងសាកល្បងជំហានដំបូងប្រវែង ៥,៨ គីឡូម៉ែត្រ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Vietnam News។
តាមការបញ្ជាក់ពីលោក Doan Van Tan នាយកមជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍ក្រុង គម្រោងពង្រីកថ្មីនេះនឹងបន្ថែមចម្ងាយ ២,៥ គីឡូម៉ែត្រ ឆ្ពោះទៅកាន់ទន្លេសៃហ្គន និង ២ គីឡូម៉ែត្រទៀត តភ្ជាប់ទៅកាន់ស្ថានីយរថភ្លើងក្រោមដី Rach Chiec ដើម្បីពង្រឹងការតភ្ជាប់រវាងតំបន់លំនៅឋាន និងប្រព័ន្ធដឹកជញ្ជូនសាធារណៈ។
ទិន្នន័យបានបង្ហាញថា ការប្រើប្រាស់កង់សាធារណៈបានកើនឡើងរហូតដល់ ១០ដង នៅតាមស្ថានីយមួយចំនួន ចាប់តាំងពីបើកដំណើរការកាលពីចុងឆ្នាំមុន ដោយមានអ្នកជិះលើសពី ១,៥០០ ជើង ត្រូវបានកត់ត្រាត្រឹមដើមខែកុម្ភៈ។
ទោះបីជាមានការត្អូញត្អែរខ្លះៗអំពីផ្ទៃផ្លូវមិនទាន់ស្មើល្អនៅចំណុចខ្លះក៏ដោយ ប៉ុន្តែអាជ្ញាធរវៀតណាមបានសន្យានឹងធ្វើការជួសជុលថែទាំ ដើម្បីធានាសុវត្ថិភាព និងភាពងាយស្រួលដល់អ្នកជិះកង់ ដែលភាគច្រើនចូលចិត្តប្រើប្រាស់ផ្លូវនេះនៅចន្លោះម៉ោង ៥ ដល់ ៧ ព្រឹក និងល្ងាច។
អាជ្ញាធរវៀតណាមបានបញ្ជាក់ថា ការពង្រីកនេះមិនត្រឹមតែលើកកម្ពស់ការធ្វើដំណើរបែបបៃតងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ និងផ្ដល់នូវជម្រើសធ្វើដំណើរដែលមានសុវត្ថិភាពខ្ពស់ ដាច់ដោយឡែកពីយានយន្តផ្សេងៗផងដែរ។