ភ្នំពេញ៖ អគ្គិសនីកម្ពុជា នាថ្ងៃទី២៣ មីនា បានចេញសេចក្តីជូនដំណឹងប្រាប់ពីការប្រើប្រាស់ឧបករណ៍បរិក្ខារអគ្គិសនីនៅក្នុងផ្ទះ និងការិយាល័យដោយសន្សំសំចៃថាមពល ខណៈពេលកម្ពុជាកំពុងជួបបញ្ហាប្រេងឥន្ធនៈឡើងថ្លៃជាសកល។ ខណៈពេលនេះ អគ្គិសនីកម្ពុជា ក៏អំពាវនាវឱ្យពលរដ្ឋ ចូលរួមសហការអនុវត្តការសន្សំសំចៃថាមពលអគ្គិសនី និងកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនីឱ្យអស់លទ្ធភាព។
អគ្គិសនីកម្ពុជា ប្រាប់ឱ្យត្រួតពិនិត្យ និងថែទាំ សម្ភារបរិក្ខារអគ្គិសនីទាំងអស់ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ក្នុងនោះ ចំពោះបរិក្ខារត្រជាក់ ត្រូវធ្វើការលាងសម្អាត និងត្រួតពិនិត្យប្រព័ន្ធហ្គាសជាប្រចាំ។ កាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់ និងអំពូលបំភ្លឺឱ្យអស់លទ្ធភាព, បិទភ្លើងបំភ្លឺ និងម៉ាស៊ីនត្រជាក់ ក្នុងការិយាល័យ ឬបន្ទប់ ពេលគ្មានវត្តមានអ្នកប្រើប្រាស់, ប្រើប្រាស់ម៉ាស៊ីនត្រជាក់ ត្រូវកំណត់សីតុណ្ហភាពមិនក្រោម ២៤°C និងកុំបិទវាំងនន ហើយបែរជាបើកភ្លើងបំភ្លឺច្រើន។
បន្ថែមពីនេះ បិទ/ផ្តាច់/ដកឌុយសាក សម្ភារបរិក្ខារអគ្គិសនីពេលមិនប្រើប្រាស់ (ទូរទស្សន៍ កង្ហារ ខ្សែរសាក ។ល។) នៅពេលទិញសម្ភារថ្មី សូមជ្រើសរើសសម្ភារបរិក្ខារប្រើប្រាស់ដែលមានប្រសិទ្ធភាពខ្ពស់ ប្រើប្រាស់ថាមពល អគ្គិសនីតិច ដែលមានស្លាកសញ្ញាត្រឹមត្រូវ, កាត់បន្ថយការបើកទ្វារចំហជាញឹកញាប់រយៈពេលយូរ ចំពោះទ្វារបន្ទប់ ឬទ្វារទូរទឹកកក ដែលធ្វើឱ្យខ្យល់ ត្រជាក់ចេញ នាំឱ្យម៉ាស៊ីនត្រជាក់ ទូរទឹកកកប្រើប្រាស់ថាមពលច្រើន ដូច្នេះត្រូវបិទទ្វារនិងបង្អួច ឱ្យបានជិតល្អពេលម៉ាស៊ីនត្រជាក់កំពុងដំណើរការ ។
ការជួយសន្សំសំចៃថាមពលអគ្គិសនីរបស់ពលរដ្ឋតាមវិធីខាងលើ នឹងចូលរួមចំណែក យ៉ាងសំខាន់ជួយកាត់បន្ថយចំណាយថ្លៃដើមក្នុងការផលិតថាមពលអគ្គិសនីពីប្រេង ដែលកំពុងទទួលរងផលប៉ះពាល់ ពីការកើនឡើងនៃថ្លៃប្រេងឥន្ធនៈសកល ក៏ដូចជាកាត់បន្ថយការចំណាយទូទាត់ថ្លៃប្រើប្រាស់អគ្គិសនីរបស់ខ្លួនផងដែរ៕