681 ezgif.com resize
Swift cc time

វៀតណាម-រុស្ស៊ី សម្រេចចុះកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រលើគម្រោងសាងសង់«រោងចក្រថាមពលនុយក្លេអ៊ែរ»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

រុស្ស៊ី៖ ក្នុងជំនួបពិភាក្សាផ្លូវការនៅទីក្រុងមូស្គូ កាលពីថ្ងៃច័ន្ទ ទី២៣ ខែមីនា នាយករដ្ឋមន្ត្រីវៀតណាម លោក Phạm Minh Chính និង នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin បានឯកភាពគ្នាយ៉ាងពេញទំហឹងក្នុងការរឹតបន្តឹងចំណងមិត្តភាព និង ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យយុទ្ធសាស្ត្រសំខាន់ៗ ជាពិសេស វិស័យថាមពល ប្រេងកាត និង ឧស្ម័ន។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាល ស្តីពីការសាងសង់ រោងចក្រថាមពលនុយក្លេអ៊ែរ នៅប្រទេសវៀតណាម។ គម្រោងនេះ ត្រូវបានចាត់ទុកថាជាជំហានប្រវត្តិសាស្ត្រ និង ជាសមិទ្ធផលថ្មីនៃមិត្តភាពរវាងប្រទេសទាំងពីរ។

ក្រៅពីវិស័យថាមពល ភាគីទាំងពីរក៏បានប្ដេជ្ញាជំរុញវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ឱ្យក្លាយជាសសរស្តម្ភថ្មីនៃកិច្ចសហប្រតិបត្តិការ ដោយផ្ដោតសំខាន់លើបញ្ញាសិប្បនិម្មិត (AI) និងការស្រាវជ្រាវវិទ្យាសាស្ត្រទំនើបៗ។

រុស្ស៊ីបានបញ្ជាក់សារជាថ្មីថា ខ្លួនតែងតែចាត់ទុកវៀតណាមជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្ត្រី Chính ក៏បានស្នើឱ្យរុស្ស៊ីជួយគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធរថភ្លើងក្រោមដី (Metro) នៅទីក្រុងហាណូយ និង ទីក្រុងហូជីមិញ ព្រមទាំងបន្តជួយសម្រួលដល់សហគមន៍ជនជាតិវៀតណាម ដែលកំពុងរស់នៅ និង សិក្សានៅក្នុងប្រទេសរុស្ស៊ី។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្រ្តីវៀតណាមនៅប្រទេសរុស្ស៊ី នេះចាប់ផ្ដើមពីថ្ងៃ២២ ដល់២៥មីនា ក្នុងគោលបំណងពង្រឹងសន្តិសុខថាមពល និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ចំពេលបញ្ហាវិបត្តថាមពលសាកលនៅតែបន្តដោយសារសង្រ្គាមនៅមជ្ឈឹមបូព៌ា។

Khcct banner

អត្ថបទទាក់ទង