វៀងចន្ទន៍៖ រដ្ឋាភិបាលវៀតណាមបានយល់ព្រមផ្គត់ផ្គង់ប្រេងឥន្ធនៈចំនួន ៥០ លានលីត្រ ជាបន្ទាន់ដល់ឡាវ បន្ទាប់ពីការនាំចេញពីប្រទេសថៃបានធ្លាក់ចុះ ២៥% ដោយសារឥទ្ធិពលនៃសង្គ្រាមនៅមជ្ឈិមបូព៌ា។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅទីក្រុងហាណូយ កាលពីថ្ងៃទី២០ ខែមីនា រវាងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ លោក Malaithong Kommasith និងសមភាគីវៀតណាម ដើម្បីស្រោចស្រង់ស្ថានភាពដែលបានបង្ខំឱ្យស្ថានីយប្រេងជាង ១,០០០ កន្លែង នៅទូទាំងប្រទេសឡាវត្រូវបិទទ្វារ។នេះបើតាមកាសែតThe Laotian Times។
វិបត្តិខ្វះខាតប្រេងឥន្ធនៈកន្លងមកនេះ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាជនឡាវ ដោយសាលារៀនកម្រិតឧត្តមសិក្សាត្រូវកាត់បន្ថយថ្ងៃសិក្សាមកត្រឹម ៣ ថ្ងៃក្នុងមួយសប្តាហ៍ ហើយមន្ត្រីរាជការត្រូវបានជំរុញឱ្យធ្វើការពីផ្ទះដើម្បីសន្សំសំចៃឥន្ធនៈ។
ដើម្បីដោះស្រាយវិបត្តិខ្វះប្រេង ក្នុងអាណត្តិថ្មីនេះ ថ្នាក់ដឹកនាំឡាវបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រវែងឆ្ងាយជាមួយវៀតណាម តាមរយៈការសាងសង់ បំពង់បង្ហូរប្រេង (Pipelines) កាត់តាមព្រំដែន និងការជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ៥ ទៅ ១០ ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០៣០។
ការលូកដៃជួយសង្គ្រោះពីសំណាក់វៀតណាមនាពេលនេះ មិនត្រឹមតែជួយដោះស្រាយបញ្ហាចំពោះមុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ក្នុងដំណាក់កាលដែលតំបន់អាស៊ី-ប៉ាស៊ីហ្វិកកំពុងប្រឈមនឹងភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយសកល។