ពោធិសាត់៖ ត្រីគល់រាំង១ក្បាលទម្ងន់ ៨គីឡូក្រាម និងត្រីរាជ១ក្បាល ទម្ងន់ ៤០ គីឡូក្រាម ដែលជាប្រភេទត្រីកម្រ និងជិតផុតពូជ ត្រូវបានចាប់បាន និងប្រគល់ឱ្យដោយប្រជានេសាទ បានយកទៅប្រលែងចូលទៅក្នុងតំបន់អភិរក្សជលផលកំពង់ប្រាក់ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិសាត់។
នាថ្ងៃទី២២ មីនា ម្សិលមិញ ក្រុមអ្នកជំនាញបានលែងប្រភេទត្រីកម្រ និងជិតផុតពូជចូលទៅក្នុងតំបន់អភិរក្សជលផលកំពង់ប្រាក់ មានដូចជា ត្រីគល់រាំង ទម្ងន់ ៨គីឡូក្រាម មួយក្បាល មានប្រវែងដងខ្លួន ៧៣ស.ម ដែលត្រូវបានប្រគល់ឱ្យដោយប្រជានេសាទឈ្មោះ អ៊ុក នី រស់នៅភូមិទី២ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងត្រីរាជ ០១ក្បាល ទម្ងន់ ៤០ គីឡូក្រាម ប្រវែងដងខ្លួន ១៦៣ ស.ម ដែលត្រូវបានប្រគល់ឱ្យដោយប្រជានេសាទឈ្មោះ ហោ ហៀង រស់នៅភូមិអន្លង់រាំង ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
នេះជាលើកទី៣ ហើយ សម្រាប់ក្នុងឆ្នាំ២០២៦នេះ ដែលប្រជានេសាទបានប្រគល់ប្រភេទជិតផុតពូជ ដែលសរុបទាំងអស់ចំនួន ០៥ក្បាល ក្នុងនោះត្រីគល់រាំងចំនួន ០២ក្បាល និងត្រីរាជចំនួន ០៣ក្បាល៕