អ៊ីស្រាអែល៖ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃអាទិត្យ បានអំពាវនាវឱ្យមេដឹកនាំពិភពលោក ចូលរួមក្នុងប្រតិបត្តិការសឹកដែលមានឈ្មោះថា "Roaring Lion" ឬ "Epic Fury" ដើម្បីប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីមានការវាយប្រហារដោយមីស៊ីលយ៉ាងធ្ងន់ធ្ងរលើទីក្រុង Arad ភាគខាងត្បូងប្រទេស។ នេះបើតាមការចេញផ្សាយរបស់កាសែត The Jerusalem Post។
ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីតាំងរងគ្រោះ លោកណេតាន់យ៉ាហ៊ូ បានព្រមានថា សមត្ថភាពមីស៊ីលរបស់អ៊ីរ៉ង់ មិនត្រឹមតែជាការគំរាមកំហែងដល់អ៊ីស្រាអែលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានលទ្ធភាពបាញ់ទៅដល់តំបន់អឺរ៉ុប និងពិភពលោកទាំងមូលផងដែរ។
ទោះបីជាការវាយប្រហារនេះ បានបណ្តាលឱ្យមនុស្សរាប់សិបនាក់រងរបួស និងបំផ្លិចបំផ្លាញសំណង់ជាច្រើន ប៉ុន្តែលោក ណេតាន់យ៉ាហ៊ូ បានចាត់ទុកថាវាជា «អព្ភូតហេតុ» ដែលមិនមានមនុស្សបាត់បង់ជីវិត។ ជាមួយគ្នានេះ រដ្ឋមន្ត្រីការពារជាតិ និងមន្ត្រីជាន់ខ្ពស់អ៊ីស្រាអ៊ែលដទៃទៀត បានប្ដេជ្ញាបន្តវាយបកលើអ៊ីរ៉ង់ឱ្យកាន់តែខ្លាំង ដើម្បីកម្ទេចសមត្ថភាពយោធារបស់របបនេះឱ្យអស់ទាំងស្រុង។
ដោយឡែក ស្ថានការណ៍នយោបាយក្នុងស្រុកហាក់មានភាពរកាំរកូស ដោយលោក Yair Golan មេដឹកនាំគណបក្សប្រជាធិបតេយ្យ បានចោទប្រកាន់លោក ណេតាន់យ៉ាហ៊ូ ថា កំពុងព្យាយាមអូសបន្លាយសង្គ្រាមដើម្បីផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន និងដើម្បីគេចវេសពីការបោះឆ្នោត។
ស្របពេលជាមួយគ្នានេះ មេដឹកនាំបក្សប្រឆាំង លោក Yair Lapid បានសង្កត់ធ្ងន់ថា បេសកកម្មចម្បងគឺត្រូវតែកម្ទេចអាវុធយុទ្ធភណ្ឌរបស់អ៊ីរ៉ង់ឱ្យអស់ ហើយលោកបានរិះគន់រដ្ឋាភិបាល ចំពោះការចំណាយថវិកាជាតិមិនចំគោលដៅ ដោយលោកយល់ថាគួរយកថវិកាទាំងនោះមកស្តារតំបន់រងគ្រោះ និងវិស័យសុខាភិបាលវិញទើបជាការប្រសើរ។